រឿងកោះសុបិន
តែងដោយ ពៅ តុលា (ភេទស្រី ថ្នាក់P3A)
កាលពីប៉ុន្មានឆ្នាំមុនមានក្មេងស្រីម្នាក់បានទៅដល់កោះមួយយ៉ាងឆ្ងាយ ដែលពុំសូវមានមនុស្សណាទៅដល់ឡើយ។ នៅជុំវិញកោះនោះ ពោរពេញទៅដោយដុំថ្មតូចធំព្រមទាំងមានទឹករលកបោកគ្រែងៗ… មកប៉ះទង្គិតនឹងថ្មទាំងនោះ។ ពេលដើរទៅខាងក្នុងនាងបានឃើញដើមឈើមានពណ៌ខៀវស្រងាត់ដុះជម្រុះគ្នា មានសត្វបក្សាបក្សីសត្វរៃយំរំពងអើងកងពេញព្រៃ។ មិនត្រឹមតែប៉ុណ្ណោះ នៅមានផ្កាចម្លែកៗជាច្រើនដែលផ្កាទាំងនោះមានពណ៌ ក្រហម ខៀ លឿង ផ្កាឈូក ទឹកក្រូច -ល-។ នៅមានរបស់ចម្លែក”ជាច្រើនទៀតដែលនាងពុំដែលស្គាល់ទាល់តែសោះ។
ទិដ្ឋភាពនៅលើកោះដ៏ធំនោះប្រៀបដូចជាឋានសួគ៌ មានក្លិនក្រអូបបាចសាចសាយភាយពាសពេញផ្ទៃកោះទាំងមូល។ ក្មេងស្រីម្នាក់នោះអាល័យតែគយគន់ភ្លេចខ្លួន រំពេញនោះស្រាប់តែឮសំឡេងប្រោកៗ… រង្គើរពេញព្រៃ ហ្វូង បក្សាបក្សីផ្អើលឈូរឆរ ធ្វើឲ្យរូបនាងភ័យញាប់ញ័របែកញើសពេញថ្ងាស។ ពេលនាងក្រលេកទៅខាងស្តាំដៃ នាងបានប្រទះឃើញសត្វខ្លាមួយយ៉ាងធំរត់សំដៅមករកនាង។ ភ្លាមៗនោះនាងភ័យខ្លាំងណាស់ នាងខំរត់យ៉ាងលឿនសំដៅទៅត្រង់រហូតមិនហ៊ានក្រោយឡើយ តែទោះបីជានាង ខំរត់យ៉ាងណាក៏ដោយក៏រត់មិនរួចដែរ។ សត្វកំណាចនោះវាបានលោតកន្ទ្រប់នាងជាប់ ហើយត្របាក់ខាំជើងរបស់នាងឡើងហូរឈាមរហាម។ ដោយការឈឺចាប់ពេក នាងខំប្រឹងប្រតាយប្រតប និងយកដៃរបស់នាងទាំងពីរចាប់ហែកមាត់វា ហើយធាក់វារហូតដល់អស់កម្លាំង។ រំពេចនោះ មានមនុស្សស្រីម្នាក់ បានចេញមកជួយនាងដោយគ្រាន់តែប្រើសីលបន្តិច ខ្លានោះស្រាប់តែបាត់ស្រមោល ហើយរបួសរបស់នាងក៏ជាសះស្បើយ។ បន្ទាប់មកនាងបានសួរទៅមនុស្សចម្លែកនោះថា៖
– «អត់ទោស! តើបងស្រីជាអ្នកណា? ហេតុអ្វីបានជាមានសីល?»
មនុស្សស្រីចំណាស់តបវិញថា៖
– «បងគឺជាទេពធីតាចុះមកពីឋានលើ ដូច្នេះហើយទើបបងមានសិល្ប៍»។
នាងបានបន្តសួរទៀតថា ៖
– «ចុះហេតុអ្វីបានជាបងស្រីមកជួយសង្គ្រោះខ្ញុំឲ្យផុតពីគ្រោះថ្នាក់?»
ទេពធីតាតបវិញថា៖
– «បងឃើញប្អូនជាមនុស្សល្អ ហើយត្រូវមានកាតព្វកិច្ចជាច្រើនទៀតដែលត្រូវធ្វើ!»
ហើយទេពធីតាបានបន្តទៀតថា៖
– «ប្អូននៅមានគ្រួសារដែលពឹងពាក់លើប្អូន ហើយប្អូនក៏ជាក្មេងជំនាន់ក្រោយសម្រាប់ប្រទេសជាតិទៀតផង។»
ក្រោយមកក្មេងស្រីនិយាយទៅកាន់ពេពធីតាថា៖
– «ខ្ញុំសូមអរគុណបងស្រីណាស់ ដែលបានជួយគិតគូរដល់ខ្ញុំ។ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីសងគុណបាន?»
ទេពធីតាឆ្លើយថា៖
– «ប្អូនមិនចាំបាច់ធ្វើអ្វីទេ! បងគ្រាន់តែចង់ឲ្យប្អូនខិតខំរៀនសូត្រ និងធ្វើជាមនុស្សល្អ នោះបងពេញចិត្តពេកហើយ!»
មួយសន្ទុះស្រាប់តែផ្លែប៉ោមព្រៃមួយធ្លាក់ចំកណ្តាលក្បាលរបស់នាង។ ទើបនាងដឹងថា «នេះគឺជាសុបិន»។ តាមពិតនាងដេកធ្លាក់ពីលើគ្រែ ព្រមទាំងអុកក្បាលនឹងចែងគ្រែរហូតលដល់ពកក្បាលរបស់នាងទៀតផង៕
មានន័យផន់គេ!
អរគុណប្អូនដែលបានជួយគាំទ្រស្នាដៃប្អូនតុលា។ សូមជូបពរឆ្នាំថ្មី ឆ្នាំសកល ២០១១!