Category Archives: Uncategorized

ទឹកចិត្តបងប្រុស ដោយ យី ឆេងអ៊ួ ហៅ ប៉េង

កំណាព្យ ទឹកចិត្តបងប្រុស
បទពាក្យ ៧

  1. ទឹកចិត្តបងប្រុសដូចពុកម៉ែ                  ចេះថ្នាក់ថ្នមថែប្អូនប្រុសស្រី         ស្វែងរកអាហារនំចំនី                              ស្វែងរកអ្វីៗផ្គាប់ចិត្តប្អូន។
  2. ឲ្យតែប្អូនបានជួបសុខៈ                          មិនចេះអន់អាក់ចាត់ដូចកូន
    រុកកាត់ព្រៃផ្សៃងងឹតសូន្យ                      ឆ្លងព្យុះទូកក្បូនមិនត្អូញហត់។
  3. ឃើញប្អូនធ្វើខុសខំតម្រង់                      មិនចាំបង្អស់ប្រៀនហ្មត់ចត់
    ប្រដៅដើរផ្លូវល្អប្រាកដ                            មិនខ្លាចនឿយហត់ ឬប្អូនខឹង។
  4. ពេលពុកទៅស្រែម៉ែមិននៅ                    គិតក្នុងគិតក្រៅព្យាយាមប្រឹង
    ដាំបាយស្លរអាំងដុតស្ងោរឆឹង                ឲ្យតែព្រលឹងប្អូនបានឆី។
  5. ប្អូនញ៉ាំឆ្អែតហើយគេងលក់អស់           មិននៅស្ងៀមសោះខំលកលៃ
    រែកទឹកពុសអុសគក់ភួយស្បៃ                លុះពេលរាត្រីចរមកដល់។
  6. ពេលយប់បងប្រុសមិនកណ្ដើយ           ញ៉ាំបាយរួចហើយខំតំកល់
    បង្រៀនប្អូនឲ្យចេះគ្មានសល់                  វិជ្ជាថ្កើងថ្កល់ស្រស់ទងវង។
  7. ជួនមានថ្ងៃខ្លះពុកម៉ែថា                            បងប្រុសនេះណាខុសទំនង
    បន្ទោសប្អូនក្មេងថាខុសឆ្គង                    ថាខុសទំនងគ្មានដើមចុង។
  8. ពេលខ្លះត្រូវប្អូនចោទបងថា                    ខុសក្បួនតម្រាចារទុកក្នុង
    ពាក្យចាស់ពីព្រេងម្តេចលះបង់               ម្ដេចក៏បងល្ងង់លម្អៀងឆ្ងាយ។
  9. ទោះប្អូនចោទថាបងលម្អៀង                  តិចច្រើនមិនទៀងខុសពីម្ដាយ
    ខុសពីច្បាប់ពុកមិនបរិយាយ               ចិត្តបងមិនឆ្ងាយស្រលាញ់ប្អូន។

    និពន្ធដោយ យី ឆេងអ៊ួ ហៅ ប៉េង
    បណ្ណារក្ស
    ភ្នំពេញ 21-តុលា-2010

កូនខ្មែរកាត់ចិនបេះដូងខ្មែរ ដោយ យី ឆេងអ៊ួ ហៅប៉េង

កំណាព្យ ៖ កូនខ្មែរកាត់ចិនបេះដូងខ្មែរ
បទពាក្យ ៧

  1. ខ្ញុំជាកូនខ្មែរកាត់ចិនក្លាយ                   មកពីស្រុកអាយកំពង់ឆ្នាំង
    ខ្មែរខ្លះបែរចោទថាខ្ញុំខ្មាំង                    ​ព្រោះឈ្មោះខ្ញុំនេះមិនដូចខ្មែរ។
  2. ខ្ញុំឈ្មោះឆេងអ៊ួចិត្តមិនស្មូ                    មានចិត្តអាសូរដូចអ្នកដែរ
    បេះដូងខ្ញុំមួយជួយមិនប្រែ                  ស្លាប់រស់ជាខ្មែរតកូនចៅ។
  3. សូមទុកចិត្តចុះទោះដល់ណា            មិនភ្លេចចំការស្រែញាតិផៅ
    សណ្តាយសណ្តាន់ម្ជូរម្រះព្រៅ          ប្រហុកមិនខ្លៅធ្វើប្រាជ្ញបាន។
  4. ខ្ញុំសែនស្រលាញ់វប្បធម៌ខ្មែរ             ក្រុងចំការស្រែផៅសណ្តាន
    អភិវឌ្ឍអភិរក្សផ្សព្វផ្សាយបាន      ​​​​  ផ្កើងផ្កានរុងរឿងដូចសម័យអង្គរ។

និពន្ធដោយ យី ឆេងអ៊ួ ហៅប៉េង  បណ្ណារក្ស ភ្នំពេញ 17-តុលា-2010

ខ្សែជីវិតអ្នករើសសម្រាម​ ដោយ យី ឆេងអ៊ួ ហៅ ប៉េង

ខ្សែជីវិតអ្នករើសសម្រាម
បទពាក្យ៧

  1. ក្ររើសសំរាមហៅក្រមហា                        ក្រនៅចំការក៏មិនស្មើ
    ខ្វះគ្រប់ខ្វះសព្វទោះជណ្តើរ                        គ្រឿងផ្សំប្រហើរក៏ខ្វះទៀត។
  2. ខ្វះគ្រឿងហូបចុកខ្វះខោរអាវ                      ខ្វះក្នុងខ្វះក្រៅរំដេងល្មៀត
    ខ្វះចំណេះដឹងល្អវរនាថ                            ខ្វះល្បិចស៊កសៀតនិយាយស្តី។
  3. គេចេះគេមានជំនាញល្អ                            សុខភាពបវរទ្រព្យប្រពៃ
    ចង់ហូបរស់រៀនគ្មានភិតភ័យ                      ឯខ្ញុំក្រក្រីរស់វេទនា។
  4. ទោះក្រលំបាកក្តីម្តេចម្តា                            ខ្ញុំកូនខេមរាស៊ូមិនរា
    ខំរៀនរកច្នៃគ្រប់វេលា                                       រុករកទីណាត្រាបានសុខ។
    និពន្ធដោយ យី ឆេងអ៊ួ ហៅ ប៉េង
    បណ្ណារក្ស
    25-សីហា-2010