Tag Archives: រឿងខ្លី-រឿងនិទានស្នាដៃ​សិស្សPSE

រឿង​កោះ​សុបិន (រឿងដែលស្មានមិនដល់)

 

រឿង​កោះ​សុបិន

តែង​ដោយ​ ពៅ តុលា (ភេទស្រី ថ្នាក់P3A)

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មាន​ក្មេង​ស្រី​ម្នាក់​បាន​ទៅ​ដល់​កោះ​មួយ​យ៉ាង​ឆ្ងាយ ដែល​ពុំ​សូវ​មាន​មនុស្សណា​ទៅ​ដល់​ឡើយ។ នៅ​ជុំវិញ​កោះ​នោះ ពោរ​ពេញ​ទៅ​ដោយ​ដុំ​ថ្ម​តូច​ធំ​ព្រម​ទាំង​មាន​ទឹក​រលក​បោក​គ្រែងៗ… មក​ប៉ះ​ទង្គិត​នឹង​ថ្ម​ទាំង​នោះ​។ ពេល​ដើរ​ទៅ​ខាង​ក្នុង​នាង​បាន​ឃើញ​ដើម​ឈើ​មាន​ពណ៌​ខៀវ​ស្រងាត់​ដុះ​ជម្រុះ​គ្នា​ មាន​សត្វ​បក្សា​បក្សី​សត្វ​រៃ​យំ​រំពង​អើង​កង​ពេញ​ព្រៃ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នៅ​មាន​ផ្កា​ចម្លែកៗ​ជា​ច្រើន​ដែល​ផ្កា​ទាំង​នោះ​មាន​ពណ៌​ ក្រហម​ ខៀ​ លឿង​ ផ្កាឈូក​ ទឹក​ក្រូច -ល-។ នៅ​មាន​របស់​ចម្លែក​”​ជា​ច្រើន​ទៀត​ដែល​នាង​ពុំ​ដែល​ស្គាល់ទាល់​តែ​សោះ។

ទិដ្ឋ​ភាព​នៅ​លើ​កោះ​ដ៏​ធំ​នោះ​ប្រៀប​ដូច​ជា​ឋាន​សួគ៌ មាន​ក្លិន​ក្រអូប​បាច​សាចសាយ​​ភាយ​ពាស​ពេញ​ផ្ទៃ​កោះ​ទាំងមូល។ ក្មេង​ស្រី​ម្នាក់​នោះ​អាល័យ​តែគយ​គន់​ភ្លេច​ខ្លួន​ រំពេញ​នោះ​ស្រាប់​តែ​ឮសំឡេង​ប្រោកៗ… រង្គើរ​ពេញ​ព្រៃ​ ហ្វូង​ បក្សា​បក្សី​ផ្អើល​ឈូរ​ឆរ ធ្វើ​ឲ្យ​រូប​នាង​ភ័យ​ញាប់​ញ័រ​បែក​ញើស​ពេញ​ថ្ងាស។ ពេល​នាង​ក្រលេក​ទៅ​ខាង​ស្តាំ​ដៃ នាង​បាន​ប្រទះ​ឃើញ​សត្វ​ខ្លា​មួយ​យ៉ាង​ធំ​រត់​សំដៅ​មក​រក​នាង។ ភ្លាម​ៗនោះ​នាង​ភ័យ​ខ្លាំង​ណាស់ នាង​ខំ​រត់​យ៉ាង​លឿន​សំដៅ​ទៅ​ត្រង់​រហូត​មិ​នហ៊ាន​ក្រោយ​ឡើយ តែ​ទោះ​បី​ជា​នាង​ ខំ​រត់​យ៉ាង​ណា​ក៏​ដោយ​ក៏​រត់​មិន​រួច​ដែរ។ សត្វ​កំណាច​នោះ​វា​បាន​លោតកន្ទ្រប់​នាង​ជាប់ ហើយ​ត្របាក់​ខាំ​ជើង​របស់​នាងឡើង​ហូរ​ឈាម​រហាម។ ដោយ​ការ​ឈឺចាប់​ពេក នាង​ខំ​ប្រឹង​ប្រតាយ​ប្រតប​ និង​​យក​ដៃរបស់​នាង​ទាំង​ពីរ​ចាប់​ហែក​មាត់​វា ហើយ​ធាក់​វា​រហូត​ដល់​អស់​កម្លាំង​។ រំពេចនោះ ​មាន​មនុស្ស​ស្រី​ម្នាក់​ បាន​ចេញ​មក​ជួយ​នាង​ដោយ​គ្រាន់​តែ​ប្រើ​សីល​បន្តិច ខ្លា​នោះ​ស្រាប់​តែ​បាត់​ស្រមោល ហើយ​របួស​របស់​នាង​ក៏​ជា​សះ​ស្បើយ។ បន្ទាប់​មក​នាង​បាន​សួរ​ទៅ​មនុស្ស​ចម្លែក​នោះ​ថា៖

–       «អត់ទោស​! តើប​ង​ស្រី​ជា​អ្ន​ក​ណា​? ហេតុអ្វី​បាន​ជា​មាន​សីល?»

មនុស្ស​ស្រី​ចំណាស់​តប​វិញថា៖

–       «​បង​គឺ​ជា​ទេព​ធី​តា​ចុះ​មក​ពី​ឋាន​លើ​ ដូច្នេះ​ហើយ​ទើប​បង​មាន​សិល្ប៍»។

នាង​បាន​បន្ត​សួរ​ទៀត​ថា ៖

–       «ចុះ​ហេតុអ្វី​បាន​ជា​បង​ស្រី​មក​ជួយ​សង្គ្រោះ​ខ្ញុំ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់?»

ទេព​ធី​តា​តប​វិញ​ថា៖

–       «បង​ឃើញ​ប្អូន​ជា​មនុស្ស​ល្អ​ ហើយ​ត្រូវ​មាន​កាតព្វ​កិច្ច​ជា​ច្រើន​ទៀត​ដែលត្រូវ​ធ្វើ!»

ហើយ​ទេព​ធី​តា​បាន​បន្ត​ទៀត​ថា៖

–       «ប្អូន​នៅ​មាន​គ្រួសារ​ដែល​ពឹង​ពាក់​លើ​ប្អូន​ ហើយ​ប្អូន​ក៏​ជា​ក្មេង​ជំនាន់​ក្រោយ​សម្រាប់​ប្រទេស​ជាតិ​ទៀត​ផង។»

ក្រោយមក​​ក្មេង​ស្រី​និយាយ​ទៅកាន់​ពេព​ធី​តា​ថា៖

–       «ខ្ញុំ​សូម​អរគុណ​បង​ស្រី​ណាស់ ដែល​បាន​ជួយគិត​គូរ​ដល់​ខ្ញុំ។ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​ ដើម្បី​សង​គុណ​បាន​?»

ទេព​ធី​តា​ឆ្លើយ​ថា៖

–       «ប្អូន​មិន​ចាំ​បាច់​ធ្វើ​អ្វីទេ! បង​គ្រាន់​តែ​ចង់​​ឲ្យ​ប្អូន​ខិត​ខំ​រៀន​សូត្រ និង​ធ្វើ​ជា​មនុស្ស​ល្អ នោះ​បង​ពេញ​ចិត្ត​ពេក​ហើយ!»

មួយ​សន្ទុះ​ស្រាប់​តែ​ផ្លែ​ប៉ោមព្រៃ​មួយ​ធ្លាក់​ចំ​កណ្តាល​ក្បាល​របស់​នាង។ ទើប​នាង​ដឹង​ថា «នេះ​គឺ​ជា​សុបិន»។ តាម​ពិត​នាង​ដេក​ធ្លាក់​ពីលើ​គ្រែ​ ព្រម​ទាំង​អុក​ក្បាល​នឹង​ចែង​គ្រែ​រហូតល​ដល់​ពក​ក្បាល​របស់​នាង​ទៀត​ផង៕