កំណាព្យ
ស្នាមញញឹមថ្មីនៃយុវជនម្នាក់
ដោយសារី ចំរើន (ភេទប្រុស ថ្នាក់ P3F)
(បទកាកគតិ)
១. កាលខ្ញុំពីមុន ឫកពាទុនប្លន់ យ៉ាងល្អប្រពៃ ចេះស្លាប់ចាស់ទុំ គាត់ប្រដៅស្តី សុទ្ធតែមានន័យ ចំពោះខ្លួនឯង។
២.ពាក្យសម្តីចាស់ មានន័យខ្លាំងណាស់ គួរឲ្យកោតក្រែង ចង់ឲ្យកូនល្អ បានគ្រប់កន្លែង ទើបបានជាថ្លែង ប្រាប់រឿងការពិត។
៣.មួយចំនួនធំ ចាស់ទុំអប់រំ មិនព្រមយកគិត ទៅធ្វើអ្វីប្លែក ខុសពីគំនិត បែរជាប្រព្រឹត្ត ក្នុងផ្លូវអបាយ។
៤.ការសេពគប់មិត្ត យល់តែពីចិត្ត អ្នកនាំដើរឆ្ងាយ គិតតែពីចង់ ដើរលំហែកកាយ ព្រោះចង់សប្បាយ ភ្លេចការសិក្សា។
៥.ដើរលេងសប្បាយ មិនគិតខ្វល់ខ្វាយ សុខទុក្ខគ្រួសារ មានតែបំផ្លាញ លុយកាក់ម៉ាក់ប៉ា ព្រោះតែស្រីស្រា ល្បែងនិងគ្រឿងញៀន។
៦.ឆ្កួតមួយឆ្កួតស្រា ផងហើយកាលណា ស្រានឹងបៀតបៀន ទាំងចិត្ត និងកាយ ទាំងភាពខ្មាសអៀន បន្តរុករាន ឈ្នានីសខួរក្បាល។
៧.អំណាចនៃស្រា វង្វេងពេលណា យើងអាចព្យាបាល ឲ្យជាសះស្បើយ ទាន់វានៅស្រាល កុំឲ្យរីកដាល ខាតបង់វេលា។
៨.ឆ្កួតពីរឆ្កួតស្រី ហ៊ានធ្វើអ្វីៗ ដើម្បីស្ងួនភ្ញា ទោះជាលះបង់ ក៏ហ៊ានពុះពារ ព្រោះតែនាងជា ខ្ទមជីវិតថ្មី។
៩.រីឯគ្រឿងញៀន រួមមានអាភៀន ហើយកញ្ឆាក្តី សុទ្ធតែដើមហេតុ ឲ្យយើងក្រក្រី ព្រោះនេះចំណី បំផ្លាញវាសនា។
១០. ពេលប៉ះពាល់ហើយ ស្រាប់តែបណ្តោយ អាភៀនកញ្ឆា មកគ្របដណ្តប លើការសិក្សា នេះហើយបញ្ហា ពីការមិនស្តាប់។
១១.ហើយមានថ្ងៃមួយ ជាថ្ងៃទុក្ខព្រួយ ដ៏សែនឈឺចាប់ ទ្រាំសឹងមិនបាន ពិបាកជាងស្លាប់ ថ្ងៃដ៏អួរអាប់ សម្រាប់ជីវិត។
១២.ថ្ងៃដែលគ្រឿងញៀន កញ្ឆាអាភៀន ចូលដល់កម្រិត ហ៊ានធ្វើគ្រប់យ៉ាង ដោយគ្មានការគិត យកឈាមពិតៗ ធ្វើជាអាហារ។
១៣.ស្រាប់តែថ្ងៃមួយ អ្នកគ្រូមកជួយ ផ្តល់ជាប្រឹក្សា អំពីគ្រឿងញៀន អាភៀននោះណា ព្យាយាមប្រាជ្ញា ថាលែងប្រព្រឹត្ត។
១៤. ពេលខ្លួនធូរស្បើយ ទើបដឹងកោះត្រើយ ខ្លួននៅទីណា ហើយលះបង់មិត្ត ទៅជួបគ្រួសារ រៀបរាប់ហេតុការ កើតឡើងជាក់ស្តែង។
១៥.ពេលខ្ញុំដឹងខុស ខ្លួនមានកំហុស នៅតែម្នាក់ឯង ស្តាយពេលវេលា ចិត្តសែនចំបែង ពេលនេះខំតែង កំណាព្យកែខ្លួន។
១៦.ឥឡូវចេះច្រើន ចំណេះក៏កើន សុខភាពមាំមួន មានទីស្នាក់នៅ ដើម្បីជ្រកពួន ខំរៀនច្បាប់ក្បួន អ្វីដែលកើតថ្មី៕
«ចេះទុកឱកាសឱ្យមនុស្សកែប្រែកំហុស!»