Category Archives: កំណាព្យ​របស់​លោកយី ឆេងអ៊ួ

នំបញ្ចុក ដោយ យី ឆេងអ៊ួ

នំបញ្ចុក

  1. 1. សូមជួយទិញនំបញ្ចុកខ្ញុំ                              ដែលមានគ្រឿងផ្សំខ្មែរគ្រប់មុខ
    សម្លប្រហើរច្នៃគ្រប់ស្រុក
    បន្លែបន្លុកកៀនរបង។
  2. 2. សម្លប្រហើរបុកសាច់ត្រី                                   រសឆ្ងាញ់តិចអីប្រហុកផង
    ខ្ទឹមសស្លឹកគ្រៃបុកច្រើនដង                              ញាតិមិត្តប្អូនបងឆ្ងាញ់ពិសា។
  3. 3. មានបន្លែស្រស់ច្រើនមិនខ្វះ                              កន្ទំថេតប៉ះត្រួយស្វាយតា
    ត្រួយព្រឹងព្រលិតឆ្ងាញ់ចិន្តា                              ត្រសក់ចំការត្រយ៉ូងចេកខ្មែរ។
  4. 4. មានភ្លៅកង្កែបមានត្រួយរាំង                             ភ្លៅកង្កែបចាំងបៃតងដែរ
    ងាយស្រួលរកបេះលើដីខ្មែរ                             ទោះចំការស្រែច្រើនភោគក្តា ។
  5. 5. ខ្ញុំរែកដើរលក់ពីព្រលឹម                                    ក្នុងចិត្តសង្ឃឹមរៀលដុល្លារ
    ចំណូលផ្គត់ផ្គង់ដល់គ្រួសារ                              ថែបុត្រធីតាឲ្យក្សេមក្សាន្ត។
  6. 6. នំបញ្ចុកខ្មែរគុណភាពល្អ                                  អ្នកលក់ស្មោះសក្នុងសន្តាន
    មិនប្រើគីមីនាំសុខសាន្ត                                   ខ្មែរយើងរស់បានមង្គលអើយ។
    ភ្នំពេញ ព្រលឹមថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១០ និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ស

ទឹកគ្រឿង បទ ពាក្យ ៧ ដោយ យី ឆេងអ៊ួ

កំណាព្យ ទឹកគ្រឿង
បទ ពាក្យ ៧

  1. ទឹកគ្រឿងខ្មែរច្រើនឆ្ងាញ់ពិសា                    តពីដូនតាចំការក្រុង
    ខ្មែរលើខ្មែរក្រោមមិនបោះបង់                     សម្រាំងផ្ចិតផ្ចង់គ្រប់វេលា។
  2. ទឹកគ្រឿងខ្មែរផ្សំពីប្រហុក                           សាច់ត្រីក្រឡុកបញ្ចូលគ្នា
    សណ្តែកដីខ្ទឹមឈ្ងុយយោលយារ                អមស្រេចជាគ្នាអន្លក់ខ្ចី។
  3. ទឹកគ្រឿងខ្មែរឆ្ងាញ់អមម្ទេសខ្មាំង                 បាយក្តៅបាយក្តាំងដាំថ្មីៗ
    ទាក់ចិត្តពុកម៉ែញាតិតាយាយ                     ញ៉ាំយប់ញ៉ាំថ្ងៃមង្គលល្អ។
  4. បានឆ្ងាញ់ទឹកគ្រឿងមិនភ្លេចគុណ               ស្រស់ឆោមល្វតល្វន់ចិត្តបវរ
    ចេះតុបចេះតែងចេះដាំស្ល                          ជួបជ័យមិនក្រតរៀងទៅ។
    និពន្ធដោយ យី ឆេងអ៊ួ ហៅ ប៉េងបណ្ណារក្ស  ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១០

ទំនួញ​ជន​រងគ្រោះ

ទំនួញ​ជន​រងគ្រោះ

  1. ១រោចខែកត្តិក២០១០                     ប្រជាប្រសព្វលើស្ពានពេជ្រ ស្លាប់គរជើងគ្នាខ្មែរមិនភ្លេច         ម្ភៃប្រាំរំលេចរំលឹកខ័ន្ធ។
  2. ស្លាប់គ្មានមូលហេតុពិតប្រាដក         ខ្លះច្រានគ្នារត់ខ្លះមិនហ៊ាន ខ្លះនាំគ្នាស្រែកថាបាក់ស្ពាន           ខ្លះទៀតថាមានខ្សែភ្លើងឆក់។
  3. ខ្លះកាន់ដៃគ្នាសសៀរចូល              ក្នុងហ្វូងមនុស្សយ៉ាងវីវក់ ខ្វះអុកស៊ីហ៊្សែនសែនដង្កក់             យមបាលតាមឆក់ជីវិតក្ស័យ។
  4. ខ្លះសុំអង្វររកអ្នកជួយ                     ខ្លះអង្វរក្មួយពូមីងថ្លៃ ជួយកូនខ្ញុំផងរួចមួយថ្ងៃ                  ឲ្យផុតពីក្ស័យសូមអាណិត។
  5. ជួយកូនខ្ញុំហើយយកទៅចុះ           ធ្វើជាកូនប្រុសស្រីខ្លួនពិត ខ្ញុំមិនទាមទារស្រស់វរមិត្ត               ឲ្យតែស្នេហ៍ស្និទ្ធរស់ជីវី។
  6. កូនអើយនេះជាទុក្ខមេបា                ទុក្ខធំណាស់ណាទុក្ខគ្រប់ទី សង្ឃឹមថ្ងៃក្រោយគ្មានទីពីរ             ខ្មែរវក់ខ្មែរវីដូច្នេះទៀត៕

២៧-វិច្ឆិកា-២០១០និពន្ធដោយ យី ឆេងអ៊ួ (ប៉េង)