Category Archives: អក្សរសិល្ប៍

នំបញ្ចុក ដោយ យី ឆេងអ៊ួ

នំបញ្ចុក

  1. 1. សូមជួយទិញនំបញ្ចុកខ្ញុំ                              ដែលមានគ្រឿងផ្សំខ្មែរគ្រប់មុខ
    សម្លប្រហើរច្នៃគ្រប់ស្រុក
    បន្លែបន្លុកកៀនរបង។
  2. 2. សម្លប្រហើរបុកសាច់ត្រី                                   រសឆ្ងាញ់តិចអីប្រហុកផង
    ខ្ទឹមសស្លឹកគ្រៃបុកច្រើនដង                              ញាតិមិត្តប្អូនបងឆ្ងាញ់ពិសា។
  3. 3. មានបន្លែស្រស់ច្រើនមិនខ្វះ                              កន្ទំថេតប៉ះត្រួយស្វាយតា
    ត្រួយព្រឹងព្រលិតឆ្ងាញ់ចិន្តា                              ត្រសក់ចំការត្រយ៉ូងចេកខ្មែរ។
  4. 4. មានភ្លៅកង្កែបមានត្រួយរាំង                             ភ្លៅកង្កែបចាំងបៃតងដែរ
    ងាយស្រួលរកបេះលើដីខ្មែរ                             ទោះចំការស្រែច្រើនភោគក្តា ។
  5. 5. ខ្ញុំរែកដើរលក់ពីព្រលឹម                                    ក្នុងចិត្តសង្ឃឹមរៀលដុល្លារ
    ចំណូលផ្គត់ផ្គង់ដល់គ្រួសារ                              ថែបុត្រធីតាឲ្យក្សេមក្សាន្ត។
  6. 6. នំបញ្ចុកខ្មែរគុណភាពល្អ                                  អ្នកលក់ស្មោះសក្នុងសន្តាន
    មិនប្រើគីមីនាំសុខសាន្ត                                   ខ្មែរយើងរស់បានមង្គលអើយ។
    ភ្នំពេញ ព្រលឹមថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១០ និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ស

ទឹកគ្រឿង បទ ពាក្យ ៧ ដោយ យី ឆេងអ៊ួ

កំណាព្យ ទឹកគ្រឿង
បទ ពាក្យ ៧

  1. ទឹកគ្រឿងខ្មែរច្រើនឆ្ងាញ់ពិសា                    តពីដូនតាចំការក្រុង
    ខ្មែរលើខ្មែរក្រោមមិនបោះបង់                     សម្រាំងផ្ចិតផ្ចង់គ្រប់វេលា។
  2. ទឹកគ្រឿងខ្មែរផ្សំពីប្រហុក                           សាច់ត្រីក្រឡុកបញ្ចូលគ្នា
    សណ្តែកដីខ្ទឹមឈ្ងុយយោលយារ                អមស្រេចជាគ្នាអន្លក់ខ្ចី។
  3. ទឹកគ្រឿងខ្មែរឆ្ងាញ់អមម្ទេសខ្មាំង                 បាយក្តៅបាយក្តាំងដាំថ្មីៗ
    ទាក់ចិត្តពុកម៉ែញាតិតាយាយ                     ញ៉ាំយប់ញ៉ាំថ្ងៃមង្គលល្អ។
  4. បានឆ្ងាញ់ទឹកគ្រឿងមិនភ្លេចគុណ               ស្រស់ឆោមល្វតល្វន់ចិត្តបវរ
    ចេះតុបចេះតែងចេះដាំស្ល                          ជួបជ័យមិនក្រតរៀងទៅ។
    និពន្ធដោយ យី ឆេងអ៊ួ ហៅ ប៉េងបណ្ណារក្ស  ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១០

កំណាព្យ «ប្រវត្តិ» ដោយខូ តារាឫទ្វិ

ប្រវត្តិ


by Tararith
រំពឹងគិតដល់ប្រវត្តិសាស្រ្ត                   ឃើញច្បាស់ណាស់ខ្មែរតែងបែកបាក់
សង្រ្គាមបង្ខាតយ៉ាងប្រក្យត្ស               បែងចែកពួកបក្សតាមគេញឹង។
ប្រវត្តិសង្រ្គាមតកូនចៅ                          នៅស្នាមដំបៅដល់ថ្ងៃហ្នឹង
ខ្មែរអើយអត់ធនកុំរឹងត្អឹង                       ក្រែងអស់ព្រលឹងអស់ទឹកដី។
ប្រជាសព្វថ្ងៃរស់យ៉ាងណា                    មានតែបញ្ហាអន្ដិរិថី

ជិះជាន់ប្រវញ្ច័គ្មានសំចៃ                     គេចូលប្រល័យដល់ឫសគល់។

រឿង​កោះ​សុបិន (រឿងដែលស្មានមិនដល់)

 

រឿង​កោះ​សុបិន

តែង​ដោយ​ ពៅ តុលា (ភេទស្រី ថ្នាក់P3A)

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មាន​ក្មេង​ស្រី​ម្នាក់​បាន​ទៅ​ដល់​កោះ​មួយ​យ៉ាង​ឆ្ងាយ ដែល​ពុំ​សូវ​មាន​មនុស្សណា​ទៅ​ដល់​ឡើយ។ នៅ​ជុំវិញ​កោះ​នោះ ពោរ​ពេញ​ទៅ​ដោយ​ដុំ​ថ្ម​តូច​ធំ​ព្រម​ទាំង​មាន​ទឹក​រលក​បោក​គ្រែងៗ… មក​ប៉ះ​ទង្គិត​នឹង​ថ្ម​ទាំង​នោះ​។ ពេល​ដើរ​ទៅ​ខាង​ក្នុង​នាង​បាន​ឃើញ​ដើម​ឈើ​មាន​ពណ៌​ខៀវ​ស្រងាត់​ដុះ​ជម្រុះ​គ្នា​ មាន​សត្វ​បក្សា​បក្សី​សត្វ​រៃ​យំ​រំពង​អើង​កង​ពេញ​ព្រៃ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នៅ​មាន​ផ្កា​ចម្លែកៗ​ជា​ច្រើន​ដែល​ផ្កា​ទាំង​នោះ​មាន​ពណ៌​ ក្រហម​ ខៀ​ លឿង​ ផ្កាឈូក​ ទឹក​ក្រូច -ល-។ នៅ​មាន​របស់​ចម្លែក​”​ជា​ច្រើន​ទៀត​ដែល​នាង​ពុំ​ដែល​ស្គាល់ទាល់​តែ​សោះ។

ទិដ្ឋ​ភាព​នៅ​លើ​កោះ​ដ៏​ធំ​នោះ​ប្រៀប​ដូច​ជា​ឋាន​សួគ៌ មាន​ក្លិន​ក្រអូប​បាច​សាចសាយ​​ភាយ​ពាស​ពេញ​ផ្ទៃ​កោះ​ទាំងមូល។ ក្មេង​ស្រី​ម្នាក់​នោះ​អាល័យ​តែគយ​គន់​ភ្លេច​ខ្លួន​ រំពេញ​នោះ​ស្រាប់​តែ​ឮសំឡេង​ប្រោកៗ… រង្គើរ​ពេញ​ព្រៃ​ ហ្វូង​ បក្សា​បក្សី​ផ្អើល​ឈូរ​ឆរ ធ្វើ​ឲ្យ​រូប​នាង​ភ័យ​ញាប់​ញ័រ​បែក​ញើស​ពេញ​ថ្ងាស។ ពេល​នាង​ក្រលេក​ទៅ​ខាង​ស្តាំ​ដៃ នាង​បាន​ប្រទះ​ឃើញ​សត្វ​ខ្លា​មួយ​យ៉ាង​ធំ​រត់​សំដៅ​មក​រក​នាង។ ភ្លាម​ៗនោះ​នាង​ភ័យ​ខ្លាំង​ណាស់ នាង​ខំ​រត់​យ៉ាង​លឿន​សំដៅ​ទៅ​ត្រង់​រហូត​មិ​នហ៊ាន​ក្រោយ​ឡើយ តែ​ទោះ​បី​ជា​នាង​ ខំ​រត់​យ៉ាង​ណា​ក៏​ដោយ​ក៏​រត់​មិន​រួច​ដែរ។ សត្វ​កំណាច​នោះ​វា​បាន​លោតកន្ទ្រប់​នាង​ជាប់ ហើយ​ត្របាក់​ខាំ​ជើង​របស់​នាងឡើង​ហូរ​ឈាម​រហាម។ ដោយ​ការ​ឈឺចាប់​ពេក នាង​ខំ​ប្រឹង​ប្រតាយ​ប្រតប​ និង​​យក​ដៃរបស់​នាង​ទាំង​ពីរ​ចាប់​ហែក​មាត់​វា ហើយ​ធាក់​វា​រហូត​ដល់​អស់​កម្លាំង​។ រំពេចនោះ ​មាន​មនុស្ស​ស្រី​ម្នាក់​ បាន​ចេញ​មក​ជួយ​នាង​ដោយ​គ្រាន់​តែ​ប្រើ​សីល​បន្តិច ខ្លា​នោះ​ស្រាប់​តែ​បាត់​ស្រមោល ហើយ​របួស​របស់​នាង​ក៏​ជា​សះ​ស្បើយ។ បន្ទាប់​មក​នាង​បាន​សួរ​ទៅ​មនុស្ស​ចម្លែក​នោះ​ថា៖

–       «អត់ទោស​! តើប​ង​ស្រី​ជា​អ្ន​ក​ណា​? ហេតុអ្វី​បាន​ជា​មាន​សីល?»

មនុស្ស​ស្រី​ចំណាស់​តប​វិញថា៖

–       «​បង​គឺ​ជា​ទេព​ធី​តា​ចុះ​មក​ពី​ឋាន​លើ​ ដូច្នេះ​ហើយ​ទើប​បង​មាន​សិល្ប៍»។

នាង​បាន​បន្ត​សួរ​ទៀត​ថា ៖

–       «ចុះ​ហេតុអ្វី​បាន​ជា​បង​ស្រី​មក​ជួយ​សង្គ្រោះ​ខ្ញុំ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់?»

ទេព​ធី​តា​តប​វិញ​ថា៖

–       «បង​ឃើញ​ប្អូន​ជា​មនុស្ស​ល្អ​ ហើយ​ត្រូវ​មាន​កាតព្វ​កិច្ច​ជា​ច្រើន​ទៀត​ដែលត្រូវ​ធ្វើ!»

ហើយ​ទេព​ធី​តា​បាន​បន្ត​ទៀត​ថា៖

–       «ប្អូន​នៅ​មាន​គ្រួសារ​ដែល​ពឹង​ពាក់​លើ​ប្អូន​ ហើយ​ប្អូន​ក៏​ជា​ក្មេង​ជំនាន់​ក្រោយ​សម្រាប់​ប្រទេស​ជាតិ​ទៀត​ផង។»

ក្រោយមក​​ក្មេង​ស្រី​និយាយ​ទៅកាន់​ពេព​ធី​តា​ថា៖

–       «ខ្ញុំ​សូម​អរគុណ​បង​ស្រី​ណាស់ ដែល​បាន​ជួយគិត​គូរ​ដល់​ខ្ញុំ។ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​ ដើម្បី​សង​គុណ​បាន​?»

ទេព​ធី​តា​ឆ្លើយ​ថា៖

–       «ប្អូន​មិន​ចាំ​បាច់​ធ្វើ​អ្វីទេ! បង​គ្រាន់​តែ​ចង់​​ឲ្យ​ប្អូន​ខិត​ខំ​រៀន​សូត្រ និង​ធ្វើ​ជា​មនុស្ស​ល្អ នោះ​បង​ពេញ​ចិត្ត​ពេក​ហើយ!»

មួយ​សន្ទុះ​ស្រាប់​តែ​ផ្លែ​ប៉ោមព្រៃ​មួយ​ធ្លាក់​ចំ​កណ្តាល​ក្បាល​របស់​នាង។ ទើប​នាង​ដឹង​ថា «នេះ​គឺ​ជា​សុបិន»។ តាម​ពិត​នាង​ដេក​ធ្លាក់​ពីលើ​គ្រែ​ ព្រម​ទាំង​អុក​ក្បាល​នឹង​ចែង​គ្រែ​រហូតល​ដល់​ពក​ក្បាល​របស់​នាង​ទៀត​ផង៕

ស្នាមញញឹមថ្មីនៃយុវជនម្នាក់

កំណាព្យ

ស្នាមញញឹមថ្មីនៃយុវជនម្នាក់

ដោយសារី ចំរើន (ភេទប្រុស ថ្នាក់ P3F)

(បទកាកគតិ)

១. កាលខ្ញុំពីមុន ឫកពាទុនប្លន់ យ៉ាងល្អប្រពៃ ចេះស្លាប់ចាស់ទុំ គាត់ប្រដៅស្តី សុទ្ធតែមានន័យ ចំពោះខ្លួនឯង។

២.ពាក្យសម្តីចាស់ មានន័យខ្លាំងណាស់ គួរឲ្យកោតក្រែង ចង់ឲ្យកូនល្អ បានគ្រប់កន្លែង ទើបបានជាថ្លែង ប្រាប់រឿងការពិត។

៣.មួយចំនួនធំ ចាស់ទុំអប់រំ មិនព្រមយកគិត ទៅធ្វើអ្វីប្លែក ខុសពីគំនិត បែរជាប្រព្រឹត្ត ក្នុងផ្លូវអបាយ។

៤.ការសេពគប់មិត្ត យល់តែពីចិត្ត អ្នកនាំដើរឆ្ងាយ គិតតែពីចង់ ដើរលំហែកកាយ ព្រោះចង់សប្បាយ ភ្លេចការសិក្សា។

៥.ដើរលេងសប្បាយ មិនគិតខ្វល់ខ្វាយ សុខទុក្ខគ្រួសារ មានតែបំផ្លាញ លុយកាក់ម៉ាក់ប៉ា ព្រោះតែស្រីស្រា ល្បែងនិងគ្រឿងញៀន។

៦.ឆ្កួតមួយឆ្កួតស្រា ផងហើយកាលណា ស្រានឹងបៀតបៀន ទាំងចិត្ត និងកាយ ទាំងភាពខ្មាសអៀន បន្តរុករាន ឈ្នានីសខួរក្បាល។

៧.អំណាចនៃស្រា វង្វេងពេលណា យើងអាចព្យាបាល ឲ្យជាសះស្បើយ ទាន់វានៅស្រាល កុំឲ្យរីកដាល ខាតបង់វេលា។

៨.ឆ្កួតពីរឆ្កួតស្រី ហ៊ានធ្វើអ្វីៗ ដើម្បីស្ងួនភ្ញា ទោះជាលះបង់ ក៏ហ៊ានពុះពារ ព្រោះតែនាងជា ខ្ទមជីវិតថ្មី។

៩.រីឯគ្រឿងញៀន រួមមានអាភៀន ហើយកញ្ឆាក្តី សុទ្ធតែដើមហេតុ ឲ្យយើងក្រក្រី ព្រោះនេះចំណី បំផ្លាញវាសនា។

១០. ពេលប៉ះពាល់ហើយ ស្រាប់តែបណ្តោយ អាភៀនកញ្ឆា មកគ្របដណ្តប លើការសិក្សា នេះហើយបញ្ហា ពីការមិនស្តាប់។

១១.ហើយមានថ្ងៃមួយ ជាថ្ងៃទុក្ខព្រួយ ដ៏សែនឈឺចាប់ ទ្រាំសឹងមិនបាន ពិបាកជាងស្លាប់ ថ្ងៃដ៏អួរអាប់ សម្រាប់ជីវិត។

១២.ថ្ងៃដែលគ្រឿងញៀន កញ្ឆាអាភៀន ចូលដល់កម្រិត ហ៊ានធ្វើគ្រប់យ៉ាង ដោយគ្មានការគិត យកឈាមពិតៗ ធ្វើជាអាហារ។

១៣.ស្រាប់តែថ្ងៃមួយ អ្នកគ្រូមកជួយ ផ្តល់ជាប្រឹក្សា អំពីគ្រឿងញៀន អាភៀននោះណា ព្យាយាមប្រាជ្ញា ថាលែងប្រព្រឹត្ត។

១៤. ពេលខ្លួនធូរស្បើយ ទើបដឹងកោះត្រើយ ខ្លួននៅទីណា ហើយលះបង់មិត្ត ទៅជួបគ្រួសារ រៀបរាប់ហេតុការ កើតឡើងជាក់ស្តែង។

១៥.ពេលខ្ញុំដឹងខុស ខ្លួនមានកំហុស នៅតែម្នាក់ឯង ស្តាយពេលវេលា ចិត្តសែនចំបែង ពេលនេះខំតែង កំណាព្យកែខ្លួន។

១៦.ឥឡូវចេះច្រើន ចំណេះក៏កើន សុខភាពមាំមួន មានទីស្នាក់នៅ ដើម្បីជ្រកពួន ខំរៀនច្បាប់ក្បួន អ្វីដែលកើតថ្មី៕

«ចេះទុកឱកាសឱ្យមនុស្សកែប្រែកំហុស!»

ដើមត្នោតកេរ្តិ៍ដូនតា

ដើមត្នោតកេរ្តិ៍ដូនតា

ស.   ដើមត្នោតរាងរាវខ្ពស់សន្លឹម  អូនឈរសម្លឹងស្រៀវញ័រហត្ថា (២ដង)

បងតោងបងឡើង ហួចច្រៀងហានក្លា បំពង់យោលយារ ជាចង្វាក់ភ្លេង ….។

រួម៖  ឱណា!ជាចង្វាក់ភ្លេង។

ប.    សម្បត្តិធម្មជាតិកេរ្តិ៍ដូនតា គឺត្នោតនេះណាតម្លៃធំធេង  (២ដង)

ខំដាំខំដុះ ស្រីប្រុសចាស់ក្មេង ផ្ទៃស្រែធំធេង ដីស្រែភូមិយើង។

រូម៖  ឱណា!សម្បត្តិដូនតា។

ប.    រសៀលបងឡើងគៀបរឹត យកកាំបិតចិតចាប់ចងត្រងផ្កា  (២ដង)

បងឡើងព្រឹកព្រាង ទឹកស្រក់ពេញហៀរ ជូនពៅរំងាស់ជាស្ករផ្អែមឆ្ងាញ់។

រួម៖  ឱណាស្ករក្លិនផ្អែមឈ្ងុយ។

ស៖   ដើមអាចប្រើបានតាមត្រូវការ ជាស្ពានទូកក្តារតាមចិត្តស្រឡាញ់ (២ដង)

ផ្លែស្លធ្វើនំ ត្នោតអាចបំពេញ ជាស្ករផ្អែមឆ្ងាញ់ ចិត្តសែនរីករាយ

រួម៖   ឱណាខំដាំបន្តទៀត។

ទំនួញ​ជន​រងគ្រោះ

ទំនួញ​ជន​រងគ្រោះ

  1. ១រោចខែកត្តិក២០១០                     ប្រជាប្រសព្វលើស្ពានពេជ្រ ស្លាប់គរជើងគ្នាខ្មែរមិនភ្លេច         ម្ភៃប្រាំរំលេចរំលឹកខ័ន្ធ។
  2. ស្លាប់គ្មានមូលហេតុពិតប្រាដក         ខ្លះច្រានគ្នារត់ខ្លះមិនហ៊ាន ខ្លះនាំគ្នាស្រែកថាបាក់ស្ពាន           ខ្លះទៀតថាមានខ្សែភ្លើងឆក់។
  3. ខ្លះកាន់ដៃគ្នាសសៀរចូល              ក្នុងហ្វូងមនុស្សយ៉ាងវីវក់ ខ្វះអុកស៊ីហ៊្សែនសែនដង្កក់             យមបាលតាមឆក់ជីវិតក្ស័យ។
  4. ខ្លះសុំអង្វររកអ្នកជួយ                     ខ្លះអង្វរក្មួយពូមីងថ្លៃ ជួយកូនខ្ញុំផងរួចមួយថ្ងៃ                  ឲ្យផុតពីក្ស័យសូមអាណិត។
  5. ជួយកូនខ្ញុំហើយយកទៅចុះ           ធ្វើជាកូនប្រុសស្រីខ្លួនពិត ខ្ញុំមិនទាមទារស្រស់វរមិត្ត               ឲ្យតែស្នេហ៍ស្និទ្ធរស់ជីវី។
  6. កូនអើយនេះជាទុក្ខមេបា                ទុក្ខធំណាស់ណាទុក្ខគ្រប់ទី សង្ឃឹមថ្ងៃក្រោយគ្មានទីពីរ             ខ្មែរវក់ខ្មែរវីដូច្នេះទៀត៕

២៧-វិច្ឆិកា-២០១០និពន្ធដោយ យី ឆេងអ៊ួ (ប៉េង)