នំបញ្ចុក
- 1. សូមជួយទិញនំបញ្ចុកខ្ញុំ ដែលមានគ្រឿងផ្សំខ្មែរគ្រប់មុខ
សម្លប្រហើរច្នៃគ្រប់ស្រុក
បន្លែបន្លុកកៀនរបង។ - 2. សម្លប្រហើរបុកសាច់ត្រី រសឆ្ងាញ់តិចអីប្រហុកផង
ខ្ទឹមសស្លឹកគ្រៃបុកច្រើនដង ញាតិមិត្តប្អូនបងឆ្ងាញ់ពិសា។ - 3. មានបន្លែស្រស់ច្រើនមិនខ្វះ កន្ទំថេតប៉ះត្រួយស្វាយតា
ត្រួយព្រឹងព្រលិតឆ្ងាញ់ចិន្តា ត្រសក់ចំការត្រយ៉ូងចេកខ្មែរ។ - 4. មានភ្លៅកង្កែបមានត្រួយរាំង ភ្លៅកង្កែបចាំងបៃតងដែរ
ងាយស្រួលរកបេះលើដីខ្មែរ ទោះចំការស្រែច្រើនភោគក្តា ។ - 5. ខ្ញុំរែកដើរលក់ពីព្រលឹម ក្នុងចិត្តសង្ឃឹមរៀលដុល្លារ
ចំណូលផ្គត់ផ្គង់ដល់គ្រួសារ ថែបុត្រធីតាឲ្យក្សេមក្សាន្ត។ - 6. នំបញ្ចុកខ្មែរគុណភាពល្អ អ្នកលក់ស្មោះសក្នុងសន្តាន
មិនប្រើគីមីនាំសុខសាន្ត ខ្មែរយើងរស់បានមង្គលអើយ។
ភ្នំពេញ ព្រលឹមថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១០ និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ស