Monthly Archives: ខែធ្នូ 2010

ទឹកចិត្តបងប្រុស ដោយ យី ឆេងអ៊ួ ហៅ ប៉េង

កំណាព្យ ទឹកចិត្តបងប្រុស
បទពាក្យ ៧

  1. ទឹកចិត្តបងប្រុសដូចពុកម៉ែ                  ចេះថ្នាក់ថ្នមថែប្អូនប្រុសស្រី         ស្វែងរកអាហារនំចំនី                              ស្វែងរកអ្វីៗផ្គាប់ចិត្តប្អូន។
  2. ឲ្យតែប្អូនបានជួបសុខៈ                          មិនចេះអន់អាក់ចាត់ដូចកូន
    រុកកាត់ព្រៃផ្សៃងងឹតសូន្យ                      ឆ្លងព្យុះទូកក្បូនមិនត្អូញហត់។
  3. ឃើញប្អូនធ្វើខុសខំតម្រង់                      មិនចាំបង្អស់ប្រៀនហ្មត់ចត់
    ប្រដៅដើរផ្លូវល្អប្រាកដ                            មិនខ្លាចនឿយហត់ ឬប្អូនខឹង។
  4. ពេលពុកទៅស្រែម៉ែមិននៅ                    គិតក្នុងគិតក្រៅព្យាយាមប្រឹង
    ដាំបាយស្លរអាំងដុតស្ងោរឆឹង                ឲ្យតែព្រលឹងប្អូនបានឆី។
  5. ប្អូនញ៉ាំឆ្អែតហើយគេងលក់អស់           មិននៅស្ងៀមសោះខំលកលៃ
    រែកទឹកពុសអុសគក់ភួយស្បៃ                លុះពេលរាត្រីចរមកដល់។
  6. ពេលយប់បងប្រុសមិនកណ្ដើយ           ញ៉ាំបាយរួចហើយខំតំកល់
    បង្រៀនប្អូនឲ្យចេះគ្មានសល់                  វិជ្ជាថ្កើងថ្កល់ស្រស់ទងវង។
  7. ជួនមានថ្ងៃខ្លះពុកម៉ែថា                            បងប្រុសនេះណាខុសទំនង
    បន្ទោសប្អូនក្មេងថាខុសឆ្គង                    ថាខុសទំនងគ្មានដើមចុង។
  8. ពេលខ្លះត្រូវប្អូនចោទបងថា                    ខុសក្បួនតម្រាចារទុកក្នុង
    ពាក្យចាស់ពីព្រេងម្តេចលះបង់               ម្ដេចក៏បងល្ងង់លម្អៀងឆ្ងាយ។
  9. ទោះប្អូនចោទថាបងលម្អៀង                  តិចច្រើនមិនទៀងខុសពីម្ដាយ
    ខុសពីច្បាប់ពុកមិនបរិយាយ               ចិត្តបងមិនឆ្ងាយស្រលាញ់ប្អូន។

    និពន្ធដោយ យី ឆេងអ៊ួ ហៅ ប៉េង
    បណ្ណារក្ស
    ភ្នំពេញ 21-តុលា-2010

កូនខ្មែរកាត់ចិនបេះដូងខ្មែរ ដោយ យី ឆេងអ៊ួ ហៅប៉េង

កំណាព្យ ៖ កូនខ្មែរកាត់ចិនបេះដូងខ្មែរ
បទពាក្យ ៧

  1. ខ្ញុំជាកូនខ្មែរកាត់ចិនក្លាយ                   មកពីស្រុកអាយកំពង់ឆ្នាំង
    ខ្មែរខ្លះបែរចោទថាខ្ញុំខ្មាំង                    ​ព្រោះឈ្មោះខ្ញុំនេះមិនដូចខ្មែរ។
  2. ខ្ញុំឈ្មោះឆេងអ៊ួចិត្តមិនស្មូ                    មានចិត្តអាសូរដូចអ្នកដែរ
    បេះដូងខ្ញុំមួយជួយមិនប្រែ                  ស្លាប់រស់ជាខ្មែរតកូនចៅ។
  3. សូមទុកចិត្តចុះទោះដល់ណា            មិនភ្លេចចំការស្រែញាតិផៅ
    សណ្តាយសណ្តាន់ម្ជូរម្រះព្រៅ          ប្រហុកមិនខ្លៅធ្វើប្រាជ្ញបាន។
  4. ខ្ញុំសែនស្រលាញ់វប្បធម៌ខ្មែរ             ក្រុងចំការស្រែផៅសណ្តាន
    អភិវឌ្ឍអភិរក្សផ្សព្វផ្សាយបាន      ​​​​  ផ្កើងផ្កានរុងរឿងដូចសម័យអង្គរ។

និពន្ធដោយ យី ឆេងអ៊ួ ហៅប៉េង  បណ្ណារក្ស ភ្នំពេញ 17-តុលា-2010

ខ្សែជីវិតអ្នករើសសម្រាម​ ដោយ យី ឆេងអ៊ួ ហៅ ប៉េង

ខ្សែជីវិតអ្នករើសសម្រាម
បទពាក្យ៧

  1. ក្ររើសសំរាមហៅក្រមហា                        ក្រនៅចំការក៏មិនស្មើ
    ខ្វះគ្រប់ខ្វះសព្វទោះជណ្តើរ                        គ្រឿងផ្សំប្រហើរក៏ខ្វះទៀត។
  2. ខ្វះគ្រឿងហូបចុកខ្វះខោរអាវ                      ខ្វះក្នុងខ្វះក្រៅរំដេងល្មៀត
    ខ្វះចំណេះដឹងល្អវរនាថ                            ខ្វះល្បិចស៊កសៀតនិយាយស្តី។
  3. គេចេះគេមានជំនាញល្អ                            សុខភាពបវរទ្រព្យប្រពៃ
    ចង់ហូបរស់រៀនគ្មានភិតភ័យ                      ឯខ្ញុំក្រក្រីរស់វេទនា។
  4. ទោះក្រលំបាកក្តីម្តេចម្តា                            ខ្ញុំកូនខេមរាស៊ូមិនរា
    ខំរៀនរកច្នៃគ្រប់វេលា                                       រុករកទីណាត្រាបានសុខ។
    និពន្ធដោយ យី ឆេងអ៊ួ ហៅ ប៉េង
    បណ្ណារក្ស
    25-សីហា-2010

នំបញ្ចុក ដោយ យី ឆេងអ៊ួ

នំបញ្ចុក

  1. 1. សូមជួយទិញនំបញ្ចុកខ្ញុំ                              ដែលមានគ្រឿងផ្សំខ្មែរគ្រប់មុខ
    សម្លប្រហើរច្នៃគ្រប់ស្រុក
    បន្លែបន្លុកកៀនរបង។
  2. 2. សម្លប្រហើរបុកសាច់ត្រី                                   រសឆ្ងាញ់តិចអីប្រហុកផង
    ខ្ទឹមសស្លឹកគ្រៃបុកច្រើនដង                              ញាតិមិត្តប្អូនបងឆ្ងាញ់ពិសា។
  3. 3. មានបន្លែស្រស់ច្រើនមិនខ្វះ                              កន្ទំថេតប៉ះត្រួយស្វាយតា
    ត្រួយព្រឹងព្រលិតឆ្ងាញ់ចិន្តា                              ត្រសក់ចំការត្រយ៉ូងចេកខ្មែរ។
  4. 4. មានភ្លៅកង្កែបមានត្រួយរាំង                             ភ្លៅកង្កែបចាំងបៃតងដែរ
    ងាយស្រួលរកបេះលើដីខ្មែរ                             ទោះចំការស្រែច្រើនភោគក្តា ។
  5. 5. ខ្ញុំរែកដើរលក់ពីព្រលឹម                                    ក្នុងចិត្តសង្ឃឹមរៀលដុល្លារ
    ចំណូលផ្គត់ផ្គង់ដល់គ្រួសារ                              ថែបុត្រធីតាឲ្យក្សេមក្សាន្ត។
  6. 6. នំបញ្ចុកខ្មែរគុណភាពល្អ                                  អ្នកលក់ស្មោះសក្នុងសន្តាន
    មិនប្រើគីមីនាំសុខសាន្ត                                   ខ្មែរយើងរស់បានមង្គលអើយ។
    ភ្នំពេញ ព្រលឹមថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១០ និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ស

ទឹកគ្រឿង បទ ពាក្យ ៧ ដោយ យី ឆេងអ៊ួ

កំណាព្យ ទឹកគ្រឿង
បទ ពាក្យ ៧

  1. ទឹកគ្រឿងខ្មែរច្រើនឆ្ងាញ់ពិសា                    តពីដូនតាចំការក្រុង
    ខ្មែរលើខ្មែរក្រោមមិនបោះបង់                     សម្រាំងផ្ចិតផ្ចង់គ្រប់វេលា។
  2. ទឹកគ្រឿងខ្មែរផ្សំពីប្រហុក                           សាច់ត្រីក្រឡុកបញ្ចូលគ្នា
    សណ្តែកដីខ្ទឹមឈ្ងុយយោលយារ                អមស្រេចជាគ្នាអន្លក់ខ្ចី។
  3. ទឹកគ្រឿងខ្មែរឆ្ងាញ់អមម្ទេសខ្មាំង                 បាយក្តៅបាយក្តាំងដាំថ្មីៗ
    ទាក់ចិត្តពុកម៉ែញាតិតាយាយ                     ញ៉ាំយប់ញ៉ាំថ្ងៃមង្គលល្អ។
  4. បានឆ្ងាញ់ទឹកគ្រឿងមិនភ្លេចគុណ               ស្រស់ឆោមល្វតល្វន់ចិត្តបវរ
    ចេះតុបចេះតែងចេះដាំស្ល                          ជួបជ័យមិនក្រតរៀងទៅ។
    និពន្ធដោយ យី ឆេងអ៊ួ ហៅ ប៉េងបណ្ណារក្ស  ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១០

របៀបវារ វេទិកាអ្នកនិពន្ធ ទិវានៃការអាន ថ្ងៃទី ១៦ ខែ ឆ្នូ ឆ្នាំ ២០១០

របៀបវារ
វេទិកាអ្នកនិពន្ធ ទិវានៃការអាន ថ្ងៃទី ១៦ ខែ ឆ្នូ ឆ្នាំ ២០១០

ក. ពីម៉ោង ៧:០០ ដល់ ម៉ោង ៩:០០(នៅឆាកធំ)
ខ.ព្រឹក ( ៩:១០ – ១១:៤៥)

រយៈពេល កម្មវិធី អ្នកទទួលខុសត្រូវ
២នាទី ប្រកាសកម្មវិធីនិងស្វាគមន៍  
៥នាទី ច្រៀងចំរៀងបទ ស្វាគមន៍ភ្ញៀវទេសចរ ជាពួកអមដោយភ្លេងបុរាណខ្មែរ
៥នាទី ស្មូត្រកំណាព្យ  ប្រយោជន៍នៃការអាន ក. ស៊្រុន ជាងហៀ រៀនថ្នាក់ P3A
៣៥នាទី ការបង្ហាញបទពិសោធន៍(ការអាន ការតែងនិពន្ធនិងរៀបរៀង) អ្នកនិពន្ធ គឹម ចាន់ណា
១០នាទី ការអានរឿង ការអានបង្កើនចំណេះដឹង(និពន្ធដោយ ក.សងស្រីម៉ុម) ក.ពិន សុវណ្ណសូរិយា រៀនថ្នាក់ P3D
៥នាទី ច្រៀងចំរៀងបទ ស្មារតីខ្មែរ ជាពួកអមដោយភ្លេងបុរាណខ្មែរ
៣៥នាទី ការបង្ហាញបទពិសោធន៍(ការអាន ការតែងកំណាព្យនិងចំរៀង) អ្នកនិពន្ធ នព ហង្សផលា
៥នាទី ច្រៀងចំរៀងបទ យើងជាកូនខ្មែរ ជាពួកអមដោយភ្លេងបុរាណខ្មែរ
១០នាទី ការអានរឿង កូនប្រុសខុសហើយ(និពន្ធដោយ ក.ភាព ស្រីលាភ) ក. គឹម ស្រីរ័ត្ន រៀនថ្នាក់ P3E
៣៥នាទី ការបង្ហាញបទពិសោធន៍(ការអាន ការនិពន្ធរឿងព្រេងនិងប្រលោមលោក) អ្នកនិពន្ធ ប៉ាល់ វណ្ណារីរក្ស
៥នាទី ច្រៀងចំរៀងបទ ស្រលាញ់ការអាន ជាពួកអមដោយភ្លេងបុរាណខ្មែរ
១០នាទី ការអានរឿង ពន្លឺនៃជីវិត(និពន្ធដោយ ល.ស៊ឹម បញ្ញា) ក. ស៊្រុន ជាងហៀ រៀនថ្នាក់ P3A

គ.ពីម៉ោង ១២:០០ – ១:៣០) ពិសារបាយ(នៅភោជនីយដ្នាន ឈូកស) និងសម្រាកសៀល​(បណ្ណាល័យវិជ្ជាជីវៈ)
ឃ.រសៀល (១:៣០ – ២:៥០)

រយៈពេល កម្មវិធី អ្នកទទួលខុសត្រូវ
៣នាទី ច្រៀងចំរៀងបទ ដើមត្នោត ជាពួកអមដោយភ្លេងបុរាណខ្មែរ
៥នាទី ស្មូត្រកំណាព្យ  អានមានច្រើនយ៉ាង និពន្ធដោយ ជួប ពិសិដ្ឋ ក. ស៊្រុន ជាងហៀ រៀនថ្នាក់ P3A
១០នាទី ការអានរឿង វាសនានារីរោងចក្រ(និពន្ធដោយ ក.ម៉ី ស្រីនី) ក.ពិន សុវណ្ណសូរិយា រៀនថ្នាក់ P3D
៣០នាទី ការបង្ហាញបទពិសោធន៍(ការអាន ការនិពន្ធរឿងនិងកំណាព្យ) អ្នកនិពន្ធ ច័ន្ទ សុខអហំ
១០នាទី ការអានរឿង កោះសុបិន(និពន្ធដោយ ក.ពៅ តុលា) ក.ពិន សុវណ្ណសូរិយា រៀនថ្នាក់ P3D
៥នាទី ច្រៀងចំរៀងបទ ឱផ្ទៃស្រុកខ្មែរ ជាពួកអមដោយភ្លេងបុរាណខ្មែរ
២៥នាទី ការបង្ហាញបទពិសោធន៍(ការអាន ការតែងកំណាព្យនិងចំរៀង) អ្នកនិពន្ធ យូ សុភា
៥នាទី ច្រៀងចំរៀងបទ ចំរៀងកសិករ ជាពួកអមដោយភ្លេងបុរាណខ្មែរ
១០នាទី ការអានរឿង នំកង(និពន្ធដោយ ល.ហេង ឧត្តម) ក. គឹម ស្រីរ័ត្ន រៀនថ្នាក់ P3E
១០នាទី ការបង្ហាញបទពិសោធន៍របស់ក្រុមពន្លកអ្នកនិពន្ធ អ្នកនិពន្ធ ប៉ាល់ វណ្ណារីរក្ស
៥នាទី ច្រៀងចំរៀងបទ មិត្តអើយយើងហើយ ជាពួកអមដោយភ្លេងបុរាណខ្មែរ
  1. 1. អ្នកនិពន្ធជានរណា? អ្នកនិពន្ធមានភារៈកិច្ចធ្វើអ្វីខ្លះ? អ្នកនិពន្ធមានប៉ុន្មានប្រភេទ? ហេតុអ្វីចាំបាច់ត្រូវ​មានអ្នកនិពន្ធ? ធ្វើដូចម្តេចដើម្បីក្លាយជាអ្នកនិពន្ធដែលមានកេរ្តិ៍ឈ្មោះល្បី? ដូចម្តេចដែល​ហៅថាអ្នក​និពន្ធល្អ? អ្នកនិពន្ធនិងអ្នករៀបរៀងខុសគ្នាដូចម្តេច?
  2. 2. រឿងព្រេងនិងរឿងប្រលោមលោកខុសគ្នាដូចម្តេច? ធ្វើដូចម្តេចទើបអាចនិពន្ធឬរៀបរៀងជាសៀវភៅ មួយដែល​មានគុណភាពនិងប្រកបដោយភាពទាក់ទាញក្នុងចំណោមអ្នកអានបាន? រឿងព្រេង រឿងប្រលោមលោក រឿង​ភាគនិទាន រឿងជីវប្រវត្តិមួយណាដែលងាយសរសេរជាងគេ? ការវាយតម្លៃ រឿងឬស្នាដៃមួយបានតើគេ​ត្រូវឈរ​លើគោលការណ៍អ្វីខ្លះ? ការតែងនិពន្ធបែបខ្មែរ ប្រទេសអាស៊ី និងអឺរ៉ុប ខុសគ្នាដូចម្តេច?
  3. 3. កំណាព្យជាអ្វី? កំណាព្យមានប៉ុន្មានប្រភេទ? គេប្រើប្រាស់កំណាព្យក្នុងគោលបំណងអ្វីខ្លះ?  កំណាព្យខ្មែរនិង​បរទេសខុសគ្នាដូចម្តេច? កំណាព្យ កំរងកែវ ចំរៀង ខុសគ្នាត្រង់ចំនុចណាខ្លះ? ប្រភេទកំណាព្យណាខ្លះ​ដែលអាច​ច្រៀងជាចំរៀងបាន? កំណាព្យដែលល្អត្រូវឈរលើចំនុចណាខ្លះ?
  4. 4. អ្នកនិពន្ធនិងអ្នកកាសែតខុសគ្នាដែរឬទេ? បើខុសគ្នាខុសត្រង់កន្លែងណាខ្លះ?
  5. 5. អ្នកនិពន្ធ គ្រូបង្រៀន សិស្សានុសិស្ស បណ្ណារក្ស អ្នកបោះពុម្ពផ្សាយ ការអប់រំ ឪពុកម្តាយ សិល្បករ អ្នកការសែត អ្នកវប្បធម៌​មានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច?

ធ្វើដូចម្តេចដើម្បីអាចជ្រើសរើសសៀវភៅល្អមួយសម្រាប់អានបាន? ធ្វើដូចម្តេចដើម្បីឲ្យចូលចិត្តអាន សៀវភៅ? គួរអានពេលណាទើបល្អ? ធ្វើដូចម្តេចដើម្បីសៀវភៅឲ្យបានឆាប់យល់ន័យសំខាន់បាន?

បដារផ្សព្វផ្សាយពីទិវានៃការអាន ឆ្នាំ ២០១០

កំណាព្យ «ប្រវត្តិ» ដោយខូ តារាឫទ្វិ

ប្រវត្តិ


by Tararith
រំពឹងគិតដល់ប្រវត្តិសាស្រ្ត                   ឃើញច្បាស់ណាស់ខ្មែរតែងបែកបាក់
សង្រ្គាមបង្ខាតយ៉ាងប្រក្យត្ស               បែងចែកពួកបក្សតាមគេញឹង។
ប្រវត្តិសង្រ្គាមតកូនចៅ                          នៅស្នាមដំបៅដល់ថ្ងៃហ្នឹង
ខ្មែរអើយអត់ធនកុំរឹងត្អឹង                       ក្រែងអស់ព្រលឹងអស់ទឹកដី។
ប្រជាសព្វថ្ងៃរស់យ៉ាងណា                    មានតែបញ្ហាអន្ដិរិថី

ជិះជាន់ប្រវញ្ច័គ្មានសំចៃ                     គេចូលប្រល័យដល់ឫសគល់។

ប្រយោជន៍របស់ទឹកឃ្មុំ និង វិធីសាស្ត្រចិញ្ចឹមឃ្មុំ

ប្រយោជន៍របស់ទឹកឃ្មុំ និង វិធីសាស្ត្រចិញ្ចឹមឃ្មុំ

– ឃ្មុំគឺជាសត្វល្អិតម្យ៉ាងដែលផលិតទឹកឃ្មុំហើយអាច ឲ្យមនុស្សយើងបរិភោគបាន ។ គេបានដឹងថាឃ្មុំបានផលិតទឹកឃ្មុំតាំងតែពី មួយរយសាមសិបលានឆ្នាំមុនមកម្ល៉េះ និងរហូតមកដល់ពេលនេះ ។ បច្ចុប្បន្ននេះទឹកឃ្មុំត្រូវបានគេប្រមូលដោយវិធី ២យ៉ាងគឺ :

+ ប្រមូលយកពីក្នុងព្រៃ

+ ប្រមូលយកពីកន្លែងដែលគេចិញ្ចឹម

– ជាទូទៅគេតែងមានជំនឿថា ទឹកឃ្មុំដែលប្រមូលបានមកពីក្នុងព្រៃតែងតែមានគុណភាពល្អជាង ទឹកឃ្មុំដែលគេប្រមូលបានមកពីកន្លែងដែលគេចិញ្ចឹម ។ ត្រង់បញ្ហានេះនៅមិនទាន់មានការអះអាងណាមួយឲ្យបានស៊ីជម្រៅ

ទៅលើប្រភេទទឹកឃ្មុំទាំងពីរប្រភេទនេះនៅឡើយទេ ប៉ុន្តែអ្វីដែលគេបានដឹងនោះគឺ ប្រយោជន៍ដ៏សំខាន់របស់ទឹកឃ្មុំ និងមុខរបរចិញ្ចឹមឃ្មុំ ដែលគេអាចប្រមូលប្រាក់យ៉ាងច្រើនពីពលកម្មរបស់សត្វឃ្មុំ ។

តើទឹកឃ្មុំមានប្រយោជន៍អ្វីខ្លះ ?

* ទឹកឃ្មុំគឺជាស្ករដែលមានលក្ខណៈជាធម្មជាតិ មានរសជាតិឆ្ងាញ់ពិសា សម្បូរណ៍ទៅដោយកាបូហាយដ្រេត (Cabohydrates) ជាសារធាតុម្យ៉ាងផ្តល់នូវកម្លាំង និងថាមពលដល់រាងកាយរបស់មនុស្សយើង ។ ក្រៅពីនេះគេបានរកឃើញថាទឹកឃ្មុំមានប្រសិទ្ធភាពយ៉ាងខ្ពស់បំផុតក្នុងការ

ផ្តល់កម្លាំងភ្លាមៗដល់រាងកាយ កាត់បន្ថយនូវការនឿយហត់របស់សាច់ដុំ ជាពិសេសវាមានប្រយោជន៍យ៉ាងច្រើនដល់អ្នកដែលធ្វើការងារដោយប្រើ

កម្លាំងដូចជា អ្នកកីឡាជាដើម ។ ទឹកឃ្មុំនៅបានចាត់ទុកថាជាអ្នកជួយការពារកុំឲ្យហត់នឿយខ្លាំងសំរាប់អ្នកកីឡា អ្នកហាត់ប្រាណ ដោយវាបឺតស្រូបយកសារធាតុម្យ៉ាងហៅថា គ្លូកូស (Glucose) អាចឲ្យខ្លួនប្រាណយើងបឺតស្រូបយកបានយ៉ាងឆាប់រហ័ស បន្ទាប់មកវាជួយបង្កើនកម្លាំងឲ្យយើងបានភ្លាមៗ ឯចំណែកសារធាតុម្យ៉ាងទៀតហៅថាហ្វ្រាក់តូស (Fractose) ធ្វើការយឺតៗប៉ុន្តែបន្តផ្តល់ឲ្យយើងនូវកំលាំងពលំជាប់ជាបន្ត ។ ក្រៅពីនេះគេបានរកឃើញទៀតថាទឹកឃ្មុំ មានចំណែកជួយគ្រប់គ្រងជាតិស្ករក្នុងរាងកាយយើងបានល្អប្រសើរជាង

សារធាតុផ្សេងៗទៀត ។* សូមសាកល្បងធ្វើដូចខាងក្រោនេះ : ១. មុនពេលចេញទៅហាត់ប្រាណសូមពិសារទឹកឃ្មុំចំនួន១ ស្លាបព្រាបាយសិន ឬអាចមុនពេលចេញទៅធ្វើការក៏បាន ។ ២. ក្នុងករណីខ្លះ ពេលយើងភ្ញាក់ឡើងពីដំណេកនៅពេលព្រឹកយើងមានអារម្មណ៍ហត់នឿយ អស់កម្លាំង សូមយកទឹកឃ្មុំមកលាបលើចំណិតនំប៉័ងជំនួសស្ករ ឬលាយទឹកឃ្មុំនៅក្នុងតែរួចពិសារ វានឹងជួយសំរួលឲ្យយើងមានកម្លាំងល្អប្រសើរមកវិញភ្លាមៗ ។ ៣. បើសិនជាកូនចៅរបស់យើងពេលត្រឡប់មកពីសាលាវិញមានអាការៈហត់នឿយ ល្ហិតល្ហៃ សូមយកទឹកឃ្មុំឲ្យកូនក្មេងទទួលទានជាមួយនំ ឬនំប៉័ង នោះវានឹងមានកំលាំងល្អប្រសើរឡើងវិញជាមិនខាន ។

ក្រៅពីជួយរក្សានិងបង្កើតកំលាំងឲ្យយើង ទឹកឃ្មុំគឺជាអ្នកជួយរួមចំណែកការពារប្រព័ន្ធប្រឆាំងរបស់រាងកាយយើង

ទប់ទល់ជាមួយជំងឺនិងមេរោគផ្សេងៗបានយ៉ាងល្អ ជួយដល់ការរំលាយអាហាររបស់ក្រពះ ជួយផ្សះដំបៅ និងកែកុនបញ្ហាផ្សេងៗទៀតរបស់រាងកាយយើង ។

នៅរៀងរាល់ព្រឹកសូមលាយទឹកឃ្មុំមួយចំណែក ទឹកក្រូចឆ្មាមួយចំណែកស្មើគ្នា ក្នុងទឹកក្តៅមួយពែង ដើម្បីសម្រួលឲ្យដល់រាងកាយរបស់យើង និងជួយធ្វើឲ្យអារម្មណ៍ស្រស់ថ្លាព្រមគ្នា ។

ទឹកឃ្មុំនៅអាចយកមកលាបព្យាបាលការប្រេះបបូរមាត់ ដំបៅហើម អ្នកចំរៀងភាគច្រើនបានពិសារទឹកឃ្មុំ ឬលាយទឹកឃ្មុំជាមួយទឹកក្តៅពិសារ មុនពេលឡើងច្រៀងដើម្បីសម្រួលដល់បំពង់កឲ្យមានភាពសើមមិនស្ងួតកពេលច្រៀង ។ ទឹកឃ្មុំត្រូវបានគេយកទៅផ្សំជាមួយរូបមន្តផ្សេង ដោយគិតទាំងគ្រឿងមុខម្ហូប គ្រឿងសំអាង សាប៊ូដុះខ្លួន នំ ៘

វិធីសាស្ត្រនៃការចិញ្ចឹមឃ្មុំ

ឃ្មុំគឺជាសត្វល្អិតម្យ៉ាងដែលផលិតទឹកឃ្មុំ ក្រៅពីឃ្មុំគឺនៅមានសត្វល្អិតម្យ៉ាងទៀតដែលផលិតទឹកឃ្មុំដែរ ហើយខ្មែរយើងនិយមហៅថា �ពង្រួត� វាមានរូបរាងតូចជាងឃ្មុំច្រើន ហើយវាច្រើនយករន្ធឈើប្រហោងធំៗធ្វើជាសំបុករបស់វា ខុសពីសត្វឃ្មុំដែលកកើតសំបុកតាមមែកឈើ ឬតាមអាគារលំនៅដ្ឋាន ។

នៅក្នុងប្រទេសជឿនលឿនមួយចំនួនគេបានចិញ្ចឹមឃ្មុំជារបៀបមួយប្លែកពីធម្មតា គឺធ្វើនៅប្រអប់ឡាំង ក្រដាស ឬឈើសម្រាប់ឲ្យឃ្មុំកកើតជាសំបុករបស់វា ។ ក្រៅពីនេះ នៅតាមចំការមួយចំនួនម្ចាស់ចំការបានចិញ្ចឹមឃ្មុំនៅក្នុងចំការរបស់ខ្លួនដើម្បីទាញ

យកផលប្រយោជន៍ ២ យ៉ាងគឺ :

– ទីមួយ : ឲ្យឃ្មុំជួយបង្កាត់លំអងញីឈ្មោលរបស់ដំណាំដើម្បីឲ្យវាមានផ្លែផ្កាច្រើន

– ទីពីរ : គេបានទទួលទឹកឃ្មុំពីឃ្មុំដែលគេបានចិញ្ចឹមនោះ

ក្រៅពីប្រយោជន៍ទាំងពីរខាងលើនេះ ឃ្មុំអាចនៅជួយកាត់បន្ថយបាននូវការយាយីពីសំណាក់សត្វល្អិតផ្សេងៗ

ទៀតពេល

ដំណាំចេញផ្កា ប៉ុន្តែប្រការនេះមិនទាន់មានការអះអាងណាមួយឲ្យបានជាក់លាក់នៅឡើយទេ ។

ដោយហេតុថាតម្លៃទឹកឃ្មុំនៅលើទីផ្សារមានតម្លៃថ្លៃ ដូចនេះហើយទើបមានមនុស្សជាច្រើនមានបំណងស្វែងយល់ពីវិធីចិញ្ចឹមឃ្មុំ ប៉ុន្តែនៅពុំទាន់មានឯកសារ ឬសៀវភៅណាមួយនិយាយពីវិធីចិញ្ចឹមឃ្មុំនេះនៅឡើយទេ ហេតុនេះអត្ថបទមេរៀនស្តីពីការចិញ្ចឹមឃ្មុំនេះ អាចជាជំនួយស្មារតីមួយសំរាប់អ្នកដែលមានបំណងចង់ចិញ្ចឹមឃ្មុំ ។

១- ទីតាំង

ដើម្បីឲ្យការចិញ្ចឹមឃ្មុំ អាចប្រព្រឹត្តទៅបានល្អយើងត្រូវមានទីតាំងមួយសមស្រប ឆ្ងាយពីភូមិឋាន អាចជាដីចំការ ដីទំនេរទុកចោលដែលមិនមានការរំខានពីមនុស្សម្នាផ្សេងៗ ។ នៅលើទីតាំងដីនេះ បើសិនជាយើងអាចដាំបន្ថែមនូវដើមឈើមួយចំនួនដែលសម្បូរណ៍ផ្កា ដូចជា លឿងរាជ្យ អង្កាញ់ អូយម៉ូយ ឬដើមឈើណាដែលមានផ្កាច្រើន ពីព្រោះផ្កាឈើទាំងនោះគឺជាការទាក់ទាញមួយ ហើយក៏ជាអ្វីដែលឃ្មុំត្រូវការផងដែរ ។

ទីតាំងដីសំរាប់ចិញ្ចឹមឃ្មុំនោះ ពុំចាំបាច់មានទំហំធំពេកទេ ប៉ុន្តែបើសិនជាមានទំហំធំក៏ជាការប្រសើរដែរ ។ ទំហំដីដែលយើងត្រូវការគឺអាចអាស្រ័យទៅលើចំនួនសំបុកឃ្មុំ ដែលត្រូវចិញ្ចឹមនិងការដែលយើងអាចគ្រប់គ្រងវាបាន ។ ក្នុងករណីខ្លះ ការជ្រើសរើសទីតាំងបានល្អដូចជា នៅក្បែរព្រៃ និងក្បែរចំការធំៗ អាចជួយបង្កើនប្រសិទ្ធភាពដល់ការចិញ្ចឹមឃ្មុំ ឲ្យដំណើរការទៅបានល្អប្រើសើរដែរ ។

២- ពូជឃ្មុំសម្រាប់យកមកចិញ្ចឹម

ឃ្មុំមានច្រើនពូជ គឺឃ្មុំធំជាប្រភេទឃ្មុំដែលស្ថិតនៅក្នុងព្រៃធំៗ ឃ្មុំមួយពួកទៀតដែលមានមាឌតូចជាងបន្តិចក្រៅពីនេះគេឃើញមានឃ្មុំមួយ

ប្រភេទទៀតដែលយើងនិយមហៅថាឃ្មុំអាចម៍ឆ្កែ វាច្រើនមានទំហំតូចៗ គេច្រើនឃើញឃ្មុំប្រភេទនេះនៅតាមព្រៃរបោះ គុម្ពត្រែង ឬតាមទីវាលទំនាបលិចទឹកនានា ។

ប្រភេទឃ្មុំដែលយើងអាចយកមកចិញ្ចឹម គឺជាពពួកឃ្មុំដែលមានសំបុកខ្នាតមធ្យម ដែលឧស្សាហ៍បានឃើញនៅតាមដើមឈើ ឬចំការពីព្រោះឃ្មុំប្រភេទនេះវាមិនសូវបង្កគ្រោះថ្នាក់ដល់យើង, មានការងាយស្រួលក្នុងការគ្រប់គ្រង ម្យ៉ាងទៀតយើងងាយស្រួលរកពូជផង ។

៣- ប្រភេទប្រអប់សម្រាប់ចិញ្ចឹម

ប្រអប់សំរាប់ធ្វើជាសំបុកឲ្យឃ្មុំស្នាក់នៅគេច្រើនធ្វើពីឈើ ឬដែកបន្ទះសង្ក័សីជាសំបកខាងក្រៅ ប៉ុន្តែសម្រាប់ប្រទេសយើង, យើងមិនអាចធ្វើពីសង្ក័សីបានទេ ពីព្រោះប្រទេសយើងក្តៅ ។

៤- ចំណីរបស់ឃ្មុំ

យើងពុំចាំបាច់ត្រូវដាក់ចំណីឲ្យវាស៊ីដូចជាការចិញ្ចឹមជ្រូក មាន់ ទានោះឡើយ អ្វីដែលយើងត្រូវការចាំបាច់នោះគឺ កូនអាងទឹកមួយមានទឹកស្អាត សម្រាប់ឲ្យឃ្មុំផឹក និងចានទឹកស្ករ មួយចំនួនសំរាប់ទាក់ទាញកុំឲ្យឃ្មុំនោះ បោះបង់សំបុកចោលទៅរកកន្លែងថ្មីទៀត ។

៥- ការថែរក្សាឃ្មុំ និងការត្រួតពិនិត្យ

សំបុកឃ្មុំទាំងអស់ត្រូវមានការត្រួតពិនិត្យជាប់ជាប្រចាំ យ៉ាងហោចណាស់ឲ្យបានចំនួន ៣ ដង ក្នុងមួយសប្តាហ៍ដែរ ដើម្បីឲ្យដឹងពីស្ថានភាពរបស់ឃ្មុំនោះវាមានសកម្មភាពយ៉ាងណា ។

៦- សម្ភារៈត្រូវការចាំបាច់សម្រាប់ការចិញ្ចឹមឃ្មុំ

ក្នុងករណីដែលយើងត្រូវធ្វើវាជារបៀបអាជីវកម្ម យើងប្រហែលជាត្រូវទាមទារឲ្យមានសំលៀកបំពាក់សំរាប់ការពារខ្លួនកុំឲ្យឃ្មុំទិច ស្រោមដៃក្រាស និងស្បែកជើង ។ ក្រៅពីនេះគឺមានតែឧបករណ៍សម្រាប់កៀបយកទឹកឃ្មុំ ពីព្រោះការច្របាច់ដោយដៃពុំអាចយកទឹកឃ្មុំចេញអស់បានទេ ។

* ជាបឋម : (មុនចាប់ផ្តើមចិញ្ចឹម) មុនពេលចាប់ផ្តើមចិញ្ចឹមសូមធ្វើប្រអប់សំបុកឃ្មុំឲ្យបានតាមចំនួនដែលយើងត្រូវការសិន ចំនួនសំបុកច្រើនប៉ុន្មាននោះគឺអាស្រ័យទៅលើធនធាន និងបំណងប្រាថ្នា ។ ប្រអប់នីមួយៗត្រូវមានលក្ខណៈត្រឹមត្រូវតាមគំនូរដែលបានភ្ជាប់មកជាមួយ ។ ឈើក្តារដែលយើងយកមកប្រើអាចជាក្តារកុំផ្លាកេក៏បាន ជាបន្ទះក្តារធម្មតាក៏បានទៅតាមការចូលចិត្ត ។ * ក្រៅពីនេះយើងនៅត្រូវការ ក្រមួនឃ្មុំមួយចំនួនសំរាប់យកមកធ្វើជាពុម្ពរន្ធសំបុកឃ្មុំ ពុម្ពនេះនៅប្រទេសគេមានលក់សំរាប់អ្នកចិញ្ចឹមឃ្មុំ ប៉ុន្តែយើងអាចធ្វើដោយខ្លួនឯងបានដោយការគូរ ឬធ្វើជាពុម្ពចាក់ ។

៧- សំបុកឃ្មុំ

យើងនឹងមានការលំបាកក្នុងការស្វែងរកសំបុកឃ្មុំ ដើម្បីយកពូជមកផ្សាំបង្កើតជា សំបុកសិប្បនិមិត្តរបស់យើង ។ ក្រៅពីដើររកដោយខ្លួនឯងយើងអាចសាកសួរអ្នកដែលមានជំនាញខាងរកឃ្មុំឲ្យគេរកមកឲ្យយើង ឬយើងអាចទៅជាមួយគេក៏បាន ។

៨- វិធីនៃការនាំយកឃ្មុំមកផ្សាំចិញ្ចឹម

– ត្រូវមានធុងស្អាតមួយ (ធុងស្ពេត្រូ) – ទឹកស្ករចំនួន ២ លីត្រ ស្ករ ១ គីឡូក្រាម លាយទឹក ១ លីត្រ – ប្រដាប់សម្រាប់បាញ់ទឹកស្ករ (សូមប្រើធុងបាញ់ថ្នាំ) ប៉ុន្តែទឹកស្ករត្រូវមានចំនួនច្រើនបន្តិចបើប្រើធុងបាញ់ថ្នាំ ។ – សំណាញ់ក្រឡាញឹកសំរាប់គ្របមាត់ធុង – កៅស៊ូរឹតសំរាប់រឹតសំណាញ់ភ្ជាប់មាត់ធុង – សំលៀកបំពាក់ការពារខ្លួនកុំឲ្យឃ្មុំទិច – ហាមប្រើផ្សែងភ្លើងជាដាច់ខាត

ខណ:រកឃើញសំបុកឃ្មុំហើយ យើងត្រូវធ្វើយ៉ាងណាឲ្យអាចព្យួរធុងស្ពេត្រូពីខាងក្រោមសំបុកឃ្មុំ ដើម្បីត្រងយកទឹកឃ្មុំបាន ប្រការនេះត្រូវធ្វើដោយប្រយ័ត្នប្រយែងក្នុងករណីដែលវាស្ថិតនៅក្នុងទីមួយខ្ពស់ ។

រកវិធីចងធុងពីក្រោមសំបុកឲ្យជាប់ល្អ បន្ទាប់មកចាប់ផ្តើមបាញ់ទឹកស្ករលើសំបុកឃ្មុំស្រាលៗ រហូតសព្វជុំវិញសំបុក ។ សត្វឃ្មុំពេលត្រូវទឹកស្ករស្អិតវាពុំអាចហើរបានឡើយ សត្វឃ្មុំនឹងធ្លាក់ចូលមកក្នុងធុង ដែលដាក់ត្រងនៅខាងក្រោម ។ ព្យាយាមបាញ់សាចទឹកស្ករលើឃ្មុំរហូតឃ្មុំលែងអាចហើរកើត យើងអាចអារកាត់យកទាំងបង្គងឃ្មុំ ឬយកតែឃ្មុំក៏បាន ។

ឃ្មុំដែលយើងយកបានមកហើយ ត្រូវប្រញាប់រួសរាន់លាយទឹកស្ករ ១ ផ្នែក ទឹកឃ្មុំ ១ ផ្នែកដាក់ក្នុងចានរួចលាបតាមបន្ទះសំបុកសិប្បនិមិត្ត ក្រៅពីនេះដាក់ចានល្បាយទឹកឃ្មុំនៅត្រង់មាត់រន្ធ (កុំឲ្យបិទផ្លូវចេញចូលរបស់រន្ធឲ្យសោះ) ។

ចំពោះឃ្មុំដែលប្រមូលបានមកនោះត្រូវដាក់ចូលទៅក្នុងសំបុកសិប្បនិមិត្ត រួចបន្សល់ខ្លះទៀតឲ្យវាចូលតាមរន្ធពីខាងក្រោមប្រអប់សំបុក បើសិនជាសំណាងល្អ ឃ្មុំនឹងបង្កើតមេមួយថ្មី (ស្តេចញី) តែបើសំណាងគ្មាននោះឃ្មុំនឹងហើរចេញអស់ ឬមិនបង្កើតមេថ្មីឡើយ ។

ហេតុនេះយើងត្រូវតាមដានមើលរាល់ថ្ងៃពីសកម្មភាពរបស់វាសូមកុំបារម្ភពីទឹកស្ករ

ដែលស្អិតជាប់លើខ្លួនវាមិនយូរប៉ុន្មាន គ្នាវានិងបឺតស្រូបយកទឹកស្ករនោះអស់គ្មានសល់ទេ ។ ក្នុងករណីដែលឃ្មុំបានបញ្ចេញមេថ្មី នោះមានន័យថាយើងធ្វើកិច្ចការនេះបានជោគជ័យហើយ ។

ខាងលើនេះគឺគ្រាន់តែជាការសង្ខេបចំពោះការចាប់ផ្តើមចិញ្ចឹមឃ្មុំគ្រាដំបូងប៉ុណ្ណោះ ។

ជីវិតរបស់សត្វឃ្មុំ

អ្វីដែលយើងគួរដឹងជាបឋមមុនពេលចាប់ផ្តើមចិញ្ចឹមឃ្មុំគឺ ជីវិតរស់នៅរបស់សត្វឃ្មុំ ។ សកម្មភាពរបស់សត្វឃ្មុំដែលប្រព្រឹត្តទៅជាប្រចាំថ្ងៃទាំងអស់នេះគឺជាភាព

ចាំបាច់ណាស់សម្រាប់អ្នកដែលចិញ្ចឹមឃ្មុំ បើយើងមិនបានដឹងពីសត្វនេះនិងជីវិតប្រចាំថ្ងៃរបស់វាទេ នោះការចិញ្ចឹមឃ្មុំរបស់យើងក៏ពុំសូវទទួលបានផលដែរ ។

ឃ្មុំគឺជាសត្វដែលរស់នៅជាហ្វូង អាចមានដល់បីម៉ឺនទៅមួយលានក្បាលឬអាចច្រើនជាងនេះ សម្រាប់ហ្វូងឃ្មុំដែលធំ ។ ទោះបីជាយើងមិនអាចយល់បានទាំងស្រុងនៃសកម្មភាពរបស់វាក៏ពិតមែន ប៉ុន្តែយើងអាចយល់បានថាវាបានធ្វើអ្វីខ្លះហើយពីមួយថ្ងៃទៅមួយថ្ងៃ ។

១- ពួកឃ្មុំសកម្ម : (ពួកអ្នកធ្វើការ)

ភាគច្រើននៃឃ្មុំក្នុងសំបុកគឺពួកអ្នកសកម្ម (អ្នកធ្វើការ) ពួកអ្នកធ្វើការទាំងនេះ អាចមានចំនួនជាច្រើនសែនក្បាល ពួកវាធ្វើការដោយពុំគិតពីតម្លៃរបស់ខ្លួនវាឡើយ គឺអ្វីៗដែលពួកវាធ្វើគឺដើម្បីតែក្រុមហ្វូងនៃសង្គមរបស់វាតែប៉ុណ្ណោះ ។ គ្រប់ឃ្មុំនៅក្នុងសំបុកធ្វើអ្វីៗដើម្បីគ្នាទៅវិញទៅមក អាចនិយាយបានថា ពួកវាគឺជាម៉ាស៊ីនមានជីវិតក៏ថាបាន ពីព្រោះឃ្មុំនិមួយៗមានកិច្ចការត្រូវធ្វើរហូតដល់វាងាប់ ។

ពួកឃ្មុំធ្វើការទាំងនេះ មានកិច្ចការធ្វើទៅតាមអាយុរបស់ពួកវា ។ ពពួកដែលទើបញាស់ថ្មី (ទើបពេញរូបរាង) ត្រូវធ្វើការនៅក្នុងសំបុកដូចជា ផ្តល់ចំណីនិងថែរក្សាកូនឃ្មុំតូចៗ មើលថែរក្សាពង ទទួលយកលំអងផ្កា និងទឹកដមផ្កាមកថែរក្សាទុក ពីពួកឃ្មុំដែលចេញស្វែងរកចំណីនៅក្រៅសំបុក ។ ក្រៅពីកិច្ចការទាំងនេះ ពួកវានៅមានកិច្ចការផ្សេងទៀតដែលត្រូវធ្វើគឺ សំអាតសំបុកនិងមើលការខុសត្រូវជាទូទៅនៃសំបុក ។

សូមបញ្ជាក់ : ពួកវាធ្វើកិច្ចការទាំងនេះក្នុងទីងងឹតសូន្យ, ក្នុងពេលយប់ឬថ្ងៃ ប៉ុន្តែគ្មានពន្លឺចូលដល់ខាងក្នុងនៃសំបុកឡើយ ។

នៅពេលពួកឃ្មុំជំទង់ៗទាំងនេះកាន់តែមានអាយុច្រើន ពួកគេនឹងលែងធ្វើការនៅផ្នែកខាងក្នុងសំបុកហើយ គឺពួកគេនឹងចេញមកធ្វើការនៅផ្នែកមាត់ច្រកចូលសំបុកវិញ ។ ពពួកឃ្មុំធ្វើការទាំងនេះនៅតែបំពេញការងារដូចពេលមុនដដែលគឺ ទទួលយកទឹកដមនិងលំអងផ្កាពីពពួកឃ្មុំដែលបានចេញស្វែងរកពីខាងក្រៅ ។ ក្រៅពីនេះពួកវាត្រូវយាមការពារសំបុក និងលៃធ្វើយ៉ាងណាឲ្យមានខ្យល់ចេញចូលក្នុងសំបុកបាន ។ នៅពេលអាយុរបស់វាចូលដល់សប្តាហ៍ទី ៣ ពួកវានឹងចាប់ផ្តើមរៀនហើរក្រឡឹងជុំវិញសំបុក ដើម្បីពង្រឹងស្លាបរបស់វា រួមទាំងរៀនសំគាល់ពីទីតាំងរបស់សំបុកដែលពួកវារស់នៅ ។ បន្ទាប់ពីស្គាល់ទីតាំងរបស់សំបុកច្បាស់លាស់ហើយ ពួកវានឹងហើរចេញក្រៅសំបុកដើម្បីទៅក្រេបទឹកដមផ្កានិងលំអងផ្កានៅទីឆ្ងាយៗរហូតដល់រាប់គីឡូម៉ែត្រពីសំបុកដែលពួកវារស់នៅ វាហើរស្វែងរកផ្កាឈើគ្រប់យ៉ាងទោះនៅទីណាក៏ដោយឲ្យតែពួកវាអាចរកបាន ។ពួកវាធ្វើបែបនេះជារៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃៗពួកវាហើរចុះពីផ្កាមួយទៅផ្កាមួយរហូតដល់រាប់ពាន់ផ្កាក្នុងថ្ងៃតែមួយ ។ គឺពពួកឃ្មុំនេះហើយដែលបានជួយធ្វើឲ្យដំណាំគ្រប់យ៉ាងមានផ្លែផ្កាសម្រាប់ចិញ្ចឹមដល់មនុស្សយើង ។

ក្នុងរយៈពេលពីរសប្តាហ៍នៃជីវិតចុងក្រោយរបស់វា វាបានហើរស្វែងរកលំអងផ្កានិងទឹកដមផ្ការហូតដល់ 6400 គីឡូម៉ែត្រ បន្ទាប់ពីការហើរអស់រយៈពេលប៉ុណ្ណឹង ស្លាបរបស់វានឹងសឹករិចរិលលែងអាចហើរឆ្ងាយបានទៀត ។ វានឹងហើរចេញពីសំបុកនេះក៏ព្រោះតែវាលែងមានតម្លៃសម្រាប់ហ្វូងរបស់វានឹងសំបុករបស់វាទៀត បន្តិចក្រោយមកវាក៏ស្លាប់ទៅ នេះគឺជាជីវិតរបស់សត្វឃ្មុំ ។

២- មេឃ្មុំញី : (គេហៅឃ្មុំញីថាជាស្តេចឃ្មុំញី)

ឃ្មុំញីមានរូបរាងខុសពីឃ្មុំទាំងពួងនៅក្នុងសំបុក វាមានមាឌធំជាងគេ ខ្លួនវែងជាងគេ និងគ្មានសម្បុរណ៍ខ្មៅនៅខាងចុងគូថរបស់វាឡើយ ។ ឃ្មុំញីគឺជាម៉ាស៊ីនបង្កើតកូនយ៉ាងអស្ចារ្យ ។ ឃ្មុំញីត្រូវបានជ្រើសរើសតាំងតែពីទើបនៅជាពង ឬនៅជាកូនដង្កូវតូចនៅឡើយ ។

ពពួកឃ្មុំដែលរក្សាសំបុកបានធ្វើការសង្កេតទៅលើពង

និងទៅលើកូនឃ្មុំមួយចំនួន ដើម្បីជ្រើសរើសថាតើពងឬកូនឃ្មុំមួយណាដែលនឹងត្រូវបំប៉នអាហារពិសេសដើម្បី

ឲ្យក្លាយទៅជាឃ្មុំញីសំរាប់បន្តពូជបន្ត ។ ការជ្រើសរើសរកឃ្មុំញីថ្មី គឺដោយសាកត្តាមួយចំនួនដូចជា ឃ្មុំញីបច្ចុប្បន្នងាប់ដោយប្រការណាមួយ មិនមានសមត្ថភាពផលិតពងបានច្រើន ឬហ្វូងឃ្មុំទាំងនេះនឹងបំបែកខ្លួនទៅបង្កើតសំបុកមួយថ្មីទៀត អាចថាបណ្តាលមកពីកត្តាផ្សេងៗទៀតក៏សឹងមាន ។

យើងអាចសំគាល់ថាជាឃ្មុំញីបានដោយរូបរាងរបស់វា រូបរាងរបស់ឃ្មុំញីគឺ មានពណ៌សម្បុរភ្លាវជាងឃ្មុំធម្មតា ពណ៌បង្កង់ឆ្នូតនៅលើពោះរបស់វាមើលពុំសូវឃើញច្បាស់ កន្លែងសម្គាល់មួយទៀតនោះគឺ នៅលើផ្នែកក្បាលរបស់វាមានទីទំពែកមួយត្រង់ពីក្រោយក្បាល ។

ត្រង់ទីឆកទំពែកនេះគឺជាកន្លែងតែមួយដែលជើងទាំងប្រាំមួយ និងស្លាបបួនរបស់វាដុះចេញមក ។ អ្នកចិញ្ចឹមឃ្មុំភាគច្រើន (ស្ទើរតែទាំងអស់) បានចុចដៅពណ៌សំគាល់ឃ្មុំញីនេះដើម្បីឲ្យងាយស្រួលចំណាំ គេអាចប្រើទឹកថ្នាំលាបក្រចកចុចសំគាល់ត្រង់កន្លែងឆកទំពែកនោះ ធ្វើដូច្នេះគេអាចដឹងថាតើឃ្មុំញីនេះមានសកម្មភាពបែបណា, វាស្លាប់ត្រូវជំនួសដោយមេញីថ្មី ឬវាអាចរស់នៅរហូតដល់ទីបំផុត ។ ការគូសចុចពណ៌សំគាល់នេះក៏ជាទង្វើមួយសំរាប់អ្នកចិញ្ចឹមឃ្មុំដែរ ពីព្រោះគេអាចដឹងថារយៈពេលយូរប៉ុន្មានទៅដែលឃ្មុំញីនេះអាចរស់នៅបាន ។ គេតែងកត់ត្រាទុកពណ៌របស់វា ថ្ងៃវាចាប់ផ្តើមសកម្មភាព ដោយគណនាតាមលេខកូដពីសំបុកមួយទៅសំបុកមួយទៀត បានន័យថាឃ្មុំញីនីមួយៗមានលេខសំគាល់របស់វាទៅតាមពណ៌ ដោយមានសរសេរចុះថ្ងៃ ខែ យ៉ាងច្បាស់លាស់ ។

ឃ្មុំញីជាធម្មតាត្រូវបានគេផ្តល់ឲ្យវានូវអាហារពិសេសម្យ៉ាងហៅថា ហ្គេ្លនដូល្លារ ឬ រ៉ូយ៉ាល់ចែល្លី (Glandular or Royal Jelly) តាំងតែពីនៅជាពងឬកូនឃ្មុំ (រូបជាដង្កូវ) រន្ធរបស់ឃ្មុំញីត្រូវបានបិទការពារដោយពពួកឃ្មុំធ្វើការ និងត្រូវបានការពារយ៉ាងប្រយ័ត្នប្រយែងបំផុតរហូតដល់ ១៦ ថ្ងៃក្រោយមកទើបឃ្មុំញីនេះទម្លុះមាត់រន្ធចេញមកខាងក្រៅ ហើយក្លាយទៅជាស្តេចឃ្មុំញីដោយស្វ័យប្រវត្តិ ។ បន្ទាប់ពីបានចេញពីរន្ធមករួចហើយ ឃ្មុំញីនេះពេញរូបរាងអាចមានសមត្ថភាពដោយគ្នា (បង្កាត់ពូជ) បានក្នុងរវាងតែប៉ុន្មានថ្ងៃបន្ទាប់ប៉ុណ្ណោះ ។

បីថ្ងៃបន្ទាប់ពីចេញពីរន្ធមកឃ្មុំញីនេះនឹងហើរចេញពីសំបុកដោយមានណាត់គ្នា

ជាមួយឃ្មុំឈ្មោលចំនួនប្រហែលពី ១០ ទៅ ១២ ក្បាល (ឃ្មុំឈ្មោលនេះភាសាអង់គ្លេសហៅថា ដ្រូន (DRONE)) វាបង្កាត់គ្នាជាមួយឃ្មុំឈ្មោលទាំងចំនួន ១០ ឬ ១២ ក្បាលនេះរួចរាល់នៅក្នុងផ្ទៃលំហររួចទើបហើរចូលសំបុកវិញ (សូមបញ្ជាក់ថាវាបង្កាត់គ្នាគឺក្នុងពេលកំពុងតែហើរនេះតែម្តង) ។

តែគួរអនិច្ចាចំពោះឃ្មុំឈ្មោលទាំងនោះ បន្ទាប់ពីបានបង្កាត់រួចនោះប្រដាប់បន្តពូជ

របស់វានឹងត្រូវបណ្តាច់ចេញពីខ្លួនរបស់វា បន្ទាប់មកវាក៏ស្លាប់ភ្លាមដែរ ។ ប្រដាប់បន្តពូជនោះមានផ្ទុកទៅដោយមេជីវិត

របស់ឃ្មុំឈ្មោលសំរាប់ការបន្តពូជ ។ ឃ្មុំឈ្មោលដែលបង្កាត់ពូជជាមួយឃ្មុំញីនេះជាបន្តនឹងជួយរុញប្រដាប់ពូជរបស់ឃ្មុំ

ឈ្មោលមុនឲ្យចូលជ្រៅទៅក្នុងថែមទៀត ហើយការនេះចេះបន្តរហូតគ្រប់ចំនួនឃ្មុំឈ្មោលទាំងអស់ដែលឃ្មុំញី

បានណាត់ចេញឲ្យទៅបង្កាត់ពូជ ។

ឃ្មុំញីមានកន្សោមបន្តពូជយ៉ាងពិសេសម្យ៉ាងអាចរក្សាមេជីវិត

របស់ឃ្មុំឈ្មោលបាន

ជាច្រើនឆ្នាំទៅមុខរហូតដល់ប្រាំឆ្នាំ ឃ្មុំញីនេះទៀតសោតអាចបង្កើតពងបានចំនួនពី ១៥០០ ទៅ ២៥០០ ពងក្នុង១ ថ្ងៃ រហូតដល់រយៈពេល ៥ ឆ្នាំដែរ ។

រាល់ពេលដែលឃ្មុំញីរំកិលខ្លួនពីទីមួយទៅទីមួយតែងតែមានពពួកឃ្មុំមួយក្រុមហៅថាអង្គរក្ស (អាមាត្យ) នៅហ៊ុំព័ទ្ធជុំវិញឃ្មុំញីនេះជានិច្ចដើម្បីការពារផ្តល់ចំណីនិងជួយរាល់កិច្ចការរបស់ឃ្មុំញីនោះ មិនតែប៉ុណ្ណោះគឺក្រុមឃ្មុំអាមាត្យ (ជំនួយការពិសេស) ទាំងនេះមានភារៈមួយទៀតគឺជួយបង្ហើរក្លិនរបស់ឃ្មុំញីទៅកាន់គ្រប់ទីកន្លែងនៃសំបុកទាំងមូល ដើម្បីឲ្យឃ្មុំឯទៀតបានស្គាល់និងបើកផ្លូវឲ្យឃ្មុំញីនេះផ្លាស់ប្តូទីកន្លែងបានស្រួល ។ ពួកឃ្មុំជំនួយការពិសេសទាំងនេះមិនត្រឹមតែជួយនូវកិច្ចការរបស់ឃ្មុំញីតែប៉ុណ្ណោះទេ ប៉ុន្តែពួកវានៅបានបបោសអង្អែលថ្នាក់ថ្នមឃ្មុំញីនេះ ។ មានពពួកឃ្មុំធ្វើការមួយចំនួនតែងមានប្រាថ្នាបានប៉ះពាល់ឃ្មុំញីនេះ និងជួយឃ្មុំញីជាបន្ថែមថែមទៀត ដើម្បីឲ្យការផលិតពងរបស់ឃ្មុំញីអាចប្រព្រឹត្តទៅបានដោយគ្មានបញ្ហា ។

៣- ឃ្មុំឈ្មោល

ក្នុងសំបុកឃ្មុំមួយមានឃ្មុំឈ្មោលត្រឹមតែប៉ុន្មានរយប៉ុណ្ណោះ ។ ពពួកឃ្មុំឈ្មោលទាំងនេះពុំមានប្រយោជន៍អ្វីសំខាន់ចំពោះហ្វូងឃ្មុំឡើយ ពួកវាគ្មានធ្វើអ្វីទាំងអស់ ក្រៅតែពីរង់ចាំបង្កាត់ពូជជាមួយឃ្មុំញីក្នុងករណីដែលឃ្មុំញីថ្មីត្រូវបានបង្កើតឡើងក្នុងគ្រាអាសន្នប៉ុណ្ណោះ ។ ពួកឃ្មុំឈ្មោលទាំងនេះពុំមានទ្រនិចសំរាប់ទិចទេ ហើយរូបកាយរបស់ពួកវាក៏ពុំស្អាតគ្មានអនាម័យល្អ ដោយពួកវាដើរចុះឡើងក្នុងសំបុកជាមួយលាមកជាប់ខ្លួន ពពួកឃ្មុំធ្វើការរក្សាសំបុកតែងតែជួយសំអាតតាមក្រោយពួកឃ្មុំឈ្មោលទាំងនោះ និងធានាឲ្យបានថាសំបុកឃ្មុំទាំងមូលគ្មានមេរោគឬអ្វីអាក្រក់កើតឡើងបានឡើយ ។

ពួកឃ្មុំឈ្មោលទាំងនេះមានរូបរាងធំជាងពួកឃ្មុំដែលជាអ្នកធ្វើការរហូតពីរដងមានរូបកាយធាត់ទ្រលុក មានដុះរោមតាមខ្លួន ។ មានរឿងចម្លែកមួយដែលតែងតែកើតឡើងនារដូវស្លឹកឈើជ្រុះគឺពួកឃ្មុំធ្វើការតែងសម្លឹងរក

មើលឃ្មុំឈ្មោលណាមួយដែលធាត់ធំជាងគេរួចនាំគ្នាខាំពាំឃ្មុំឈ្មោលនោះទំលាក់ចោលទៅដី ទោះបីឃ្មុំឈ្មោលនោះព្យាយាមហើរត្រឡប់មកចូលក្នុងសំបុកវិញយ៉ាងណាក៏ដោយ ក៏ពុំអាចចូលវិញបានដែរ វានឹងត្រូវរារាំងដោយពពួកឃ្មុំការពារសំបុកទប់ស្កាត់មិនឲ្យវាចូលមកវិញបានឡើយ ។ បន្ទាប់ពីព្យាយាមចូលមកក្នុងសំបុកវិញមិនបានឃ្មុំឈ្មោលនេះនឹងហើរចេញទៅរក

សំបុកណាផ្សេងរួចរកណាត់ជួបជាមួយឃ្មុំញីដើម្បីបង្កាត់ពូជ ។

ឃ្មុំឈ្មោលអាចរស់នៅមានជីវិតបានចំនួនមួយឆ្នាំប៉ុណ្ណោះ ចំណែកពពួកឃ្មុំធ្វើការមានអាយុត្រឹម ៥ សប្តាហ៍ បន្ទាប់មកវានឹងត្រូវស្លាប់ ។

ឥឡូវនេះយើងបានដឹងពីសង្គមជីវិតរបស់ហ្វូងសត្វឃ្មុំហើយ បញ្ហាសំខាន់ជាងគេបំផុតសម្រាប់ឲ្យការចិញ្ចឹមបានទទួលជោគជ័យល្អគឺការសង្កតតាមដាន

សកម្មភាពរបស់ពពួកឃ្មុំញី ទាំងសកម្មភាពនៅក្នុងនិងក្រៅសំបុករបស់វា (សំបុកយើងធ្វើមិនមែនសំបុកឃ្មុំវាធ្វើទេ) ប្រការដែលយើងបានដឹងពីសកម្មភាពរបស់វាអាចជួយយើងឲ្យកាន់តែយល់ច្បាស់ពីសង្គម

របស់វានិងវិធីរក្សាវា សម្រាប់បន្តពូជទៅមុខទៀត ។

គេបានរកឃើញទឹកឃ្មុំដែលដក់នៅក្នុងគុជទឹក ហើយត្រូវបានគេសន្មត់ថាវាមានអាយុកាលប្រមាណជា ៤៥ លានឆ្នាំមកហើយ តាមការរកឃើញនេះ គេអាចស្មានដឹងថា ឃ្មុំអាចកើតមានតាំងតែពី ២០០ លានឆ្នាំមុនម្ល៉េះ ដូចនេះហ្វូងឃ្មុំបានជួយឲ្យរុក្ខជាតិទាំងឡាយនាគ្រានោះមានផ្លែផ្លា

ហើយបន្តធ្វើការងារនេះរហូតមក

ទល់ពេលបច្ចុប្បន្ននេះទៀត ពួកវាគឺជាអ្នកជួយឲ្យយើងទាំងអស់គ្នារស់រានមានជីវិបាន នោះក៏ព្រោះតែចំការច្បារដំណាំ ស្រូវ និងរុក្ខជាតិផ្សេងៗទៀតឲ្យផលដល់យើងដែលកើតឡើងពីសកម្មភាពរបស់ឃ្មុំនេះឯង ។

ដូចនេះការជួយចិញ្ចឹមឃ្មុំគឺជាវិធីមួយជួយរួមចំណែកយ៉ាងសំខាន់ដល់វិស័យកសិកម្ម ជួយបង្កើនទិន្នផល ជួយបង្កើនចំណូលដល់កសិករ និងជួយរួមចំណែកឲ្យមនុស្សយើងរស់បានរហូតមកដល់ពេលនេះ បើសិនជាគ្មានពួកវាទេម្ល៉េះសមយើងក៏នឹងពុំមានជីវិតបានដែរ ពីព្រោះតែដំណាំមិនអាចបញ្ចេញផ្លែផ្កាបានគ្រប់គ្រាន់តាមសេចក្តីត្រូវការ ។

សូមឲ្យគ្រប់គ្នាចាត់ទុកឃ្មុំថាជាអាហាររបស់យើង, ចំនួនឃ្មុំច្រើនកាលណាភោគផលរបស់យើងដូចជាដំណាំនិងឲ្យផលច្រើនឡើងថែមទៀតដែរ ហេតុនេះសូមនាំគ្នាជួយចិញ្ចឹមឃ្មុំឲ្យបានច្រើនឡើង ដើម្បីជាប្រយោជន៍នៃយើងទាំងអស់គ្នា ៕

កោះពេជ្រ អនុស្សាវរីយ៍បែបណាសម្រាប់ខ្មែរ?

កោះពេជ្រ អនុស្សាវរីយ៍បែបណាសម្រាប់ខ្មែរ?

ផ្សាយក្នុងផ្នែក ព័ត៌មានសង្គម ដោយ Sopheabros កាលពី 2 days ago

ស្របពេលដែលគណៈកម្មាធិការជាតិ គ្រប់គ្រង គ្រោះមហន្តរាយ បានបញ្ចេញអោយដឹងថាអ្នកស្លាប់បានឡើងបន្ថែមម្នាក់ទៀតកាលពីម្សិលមិញនោះយុវវ័យបានបញ្ចេញទស្សនៈខុសគ្នាមួយចំនួនជុំវិញករណីនៅកោះ ពេជ្រ។

សានគង់រដ្ឋានិស្សិតផ្នែកព័ត៌មានវិទ្យានៅមហាវិទ្យាល័យឯកជនដែលមានមូលដ្ឋានក្នុងខណ្ឌ៧មករាច្រានចោលគំនិតដែលថាគួរធ្វើអោយកោះ ពេជ្រធម្មតាដូចមានរឿងអ្វីកើតឡើង។ដោយ ទឹក មុខ ឈឺ ចាប់រដ្ឋានិយាយនឹងSabayថា“បងឯងមើលទៅLaptop នេះបងខ្ញុំទើបតែទិញអោយបាន៣អាទិត្យទេតែឥឡូវគាត់នៅគេងពេទ្យនៅឡើយ!ពេទ្យថាជើងគាត់ប្រហែលអាចនឹងពិកា!ឥឡូវយើងខំធ្វើចលនាជើងគាត់រាល់ថ្ងៃតែសង្ឃឹមថាគាត់ធ្វើការវិញបាន”។

ពលរដ្ឋ មួយរូបទៀតហើយបាន ស្លាប់នៅមន្ទីរពេទ្យ កាល់ម៉ែតដោយការសង្គ្រោះមិនមានលទ្ធផលព្រោះរបួសមានលក្ខណៈធ្ងន់ធ្ងរពេក។គង់រដ្ឋានិយាយថា“បើអ្នកគ្មានសាច់ញាតិឈឺចាប់ក្នុងរឿងហ្នឹងអ្នកចេះតែនិយាយស្រួលហើយ!និយាយម៉េចក៏បានតែបើអ្នកឃើញសាច់ញាតិស្លាប់រឺកំពុងវេទនាដោយសារវា អ្នកនឹងនិយាយលែងចេញហើយ!សម្រាប់ខ្ញុំ វាជានរកភ្នែកស្រស់មួយ!”។

សាក្សីរស់នៃព្រឹត្តិការណ៍ដ៏អនោចអធម៌នោះចំនួន ២៥៧នាក់ កំពុងបន្តនៅសម្រាកព្យាបាលរបួសទាំងធ្ងន់ និងស្រាលនៅតាមមន្ទីរពេទ្យនានា នៅរាជធានីភ្នំពេញ ហើយប្រមុខរដ្ឋាភិបាលដែលអះអាងថាមិនមានអ្នកណាទទួលកំហុសក្នុងរឿង នេះបានអះអាងថារដ្ឋាភិបាលនឹងធានាលើការព្យាបាលក្រៅប្រទេសសម្រាប់អ្នកដែលមានស្ថានភាពធ្ងន់ធ្ងរ៕

ទីក្រុងរណបកោះពេជ្រ គឺជាគម្រោងរបស់ក្រុមហ៊ុន Oversea Cambodian Investment Cooperation (OCIC) នៅមុនពេលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល។

តាំង វណ្ណានៅមហាវិទ្យាល័យរួមជាមួយរដ្ឋាលើកឡើងថា “គាត់ឈឺចាប់យើងដឹងតែយើងក៏មិនចង់អោយគាត់ចងចាំការឈឺចាប់ហ្នឹងដល់ថ្នាក់ចោទជាបញ្ហាដល់អនាគតខ្លួនដែរ!បើវាជាអនុស្សាវរីយ៍មិនល្អចាំបាច់អីត្រូវចាំវាអោយយូរពេកនោះ?”។

ទោះយ៉ាងណាសាន គង់រដ្ឋានិយាយថា“កោះ ពេជ្រជា អនុស្សាវរីយ៍ ដ៏ឈឺចាប់របស់ខ្មែរដែលជាអ្នករងគ្រោះ”។

មនុស្ស៣៥២នាក់ត្រូវបានប្រកាសជាផ្លូវការថាបានស្លាប់ដោយពាក់ព័ន្ធនឹងព្រឹត្តិការណ៍នោះ។ពាក្យចចាមអារាមជាច្រើនបានបង្កអោយមានការសន្និដ្ឋានខុសគ្នាលើព្រឹត្តិការណ៍អកុសលនោះ ហើយប្រមុខរដ្ឋាភិបាលបានសម្រក់ទឹកភ្នែកនៅពេលរំលឹកដល់ សោកនាដកម្មនេះ។ទោះ យ៉ាងណា រដ្ឋសភាខ្មែរបានបដិសេធមិនទទួលយក សំណើរបស់គណបក្សប្រឆាំងក្នុងការបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីធ្វើការស៊ើបអង្កេតលើមរណភាពដ៏រង្គាលនោះទេ។

អត្ថបទៈវិបុត្រ

រឿង​កោះ​សុបិន (រឿងដែលស្មានមិនដល់)

 

រឿង​កោះ​សុបិន

តែង​ដោយ​ ពៅ តុលា (ភេទស្រី ថ្នាក់P3A)

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មាន​ក្មេង​ស្រី​ម្នាក់​បាន​ទៅ​ដល់​កោះ​មួយ​យ៉ាង​ឆ្ងាយ ដែល​ពុំ​សូវ​មាន​មនុស្សណា​ទៅ​ដល់​ឡើយ។ នៅ​ជុំវិញ​កោះ​នោះ ពោរ​ពេញ​ទៅ​ដោយ​ដុំ​ថ្ម​តូច​ធំ​ព្រម​ទាំង​មាន​ទឹក​រលក​បោក​គ្រែងៗ… មក​ប៉ះ​ទង្គិត​នឹង​ថ្ម​ទាំង​នោះ​។ ពេល​ដើរ​ទៅ​ខាង​ក្នុង​នាង​បាន​ឃើញ​ដើម​ឈើ​មាន​ពណ៌​ខៀវ​ស្រងាត់​ដុះ​ជម្រុះ​គ្នា​ មាន​សត្វ​បក្សា​បក្សី​សត្វ​រៃ​យំ​រំពង​អើង​កង​ពេញ​ព្រៃ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នៅ​មាន​ផ្កា​ចម្លែកៗ​ជា​ច្រើន​ដែល​ផ្កា​ទាំង​នោះ​មាន​ពណ៌​ ក្រហម​ ខៀ​ លឿង​ ផ្កាឈូក​ ទឹក​ក្រូច -ល-។ នៅ​មាន​របស់​ចម្លែក​”​ជា​ច្រើន​ទៀត​ដែល​នាង​ពុំ​ដែល​ស្គាល់ទាល់​តែ​សោះ។

ទិដ្ឋ​ភាព​នៅ​លើ​កោះ​ដ៏​ធំ​នោះ​ប្រៀប​ដូច​ជា​ឋាន​សួគ៌ មាន​ក្លិន​ក្រអូប​បាច​សាចសាយ​​ភាយ​ពាស​ពេញ​ផ្ទៃ​កោះ​ទាំងមូល។ ក្មេង​ស្រី​ម្នាក់​នោះ​អាល័យ​តែគយ​គន់​ភ្លេច​ខ្លួន​ រំពេញ​នោះ​ស្រាប់​តែ​ឮសំឡេង​ប្រោកៗ… រង្គើរ​ពេញ​ព្រៃ​ ហ្វូង​ បក្សា​បក្សី​ផ្អើល​ឈូរ​ឆរ ធ្វើ​ឲ្យ​រូប​នាង​ភ័យ​ញាប់​ញ័រ​បែក​ញើស​ពេញ​ថ្ងាស។ ពេល​នាង​ក្រលេក​ទៅ​ខាង​ស្តាំ​ដៃ នាង​បាន​ប្រទះ​ឃើញ​សត្វ​ខ្លា​មួយ​យ៉ាង​ធំ​រត់​សំដៅ​មក​រក​នាង។ ភ្លាម​ៗនោះ​នាង​ភ័យ​ខ្លាំង​ណាស់ នាង​ខំ​រត់​យ៉ាង​លឿន​សំដៅ​ទៅ​ត្រង់​រហូត​មិ​នហ៊ាន​ក្រោយ​ឡើយ តែ​ទោះ​បី​ជា​នាង​ ខំ​រត់​យ៉ាង​ណា​ក៏​ដោយ​ក៏​រត់​មិន​រួច​ដែរ។ សត្វ​កំណាច​នោះ​វា​បាន​លោតកន្ទ្រប់​នាង​ជាប់ ហើយ​ត្របាក់​ខាំ​ជើង​របស់​នាងឡើង​ហូរ​ឈាម​រហាម។ ដោយ​ការ​ឈឺចាប់​ពេក នាង​ខំ​ប្រឹង​ប្រតាយ​ប្រតប​ និង​​យក​ដៃរបស់​នាង​ទាំង​ពីរ​ចាប់​ហែក​មាត់​វា ហើយ​ធាក់​វា​រហូត​ដល់​អស់​កម្លាំង​។ រំពេចនោះ ​មាន​មនុស្ស​ស្រី​ម្នាក់​ បាន​ចេញ​មក​ជួយ​នាង​ដោយ​គ្រាន់​តែ​ប្រើ​សីល​បន្តិច ខ្លា​នោះ​ស្រាប់​តែ​បាត់​ស្រមោល ហើយ​របួស​របស់​នាង​ក៏​ជា​សះ​ស្បើយ។ បន្ទាប់​មក​នាង​បាន​សួរ​ទៅ​មនុស្ស​ចម្លែក​នោះ​ថា៖

–       «អត់ទោស​! តើប​ង​ស្រី​ជា​អ្ន​ក​ណា​? ហេតុអ្វី​បាន​ជា​មាន​សីល?»

មនុស្ស​ស្រី​ចំណាស់​តប​វិញថា៖

–       «​បង​គឺ​ជា​ទេព​ធី​តា​ចុះ​មក​ពី​ឋាន​លើ​ ដូច្នេះ​ហើយ​ទើប​បង​មាន​សិល្ប៍»។

នាង​បាន​បន្ត​សួរ​ទៀត​ថា ៖

–       «ចុះ​ហេតុអ្វី​បាន​ជា​បង​ស្រី​មក​ជួយ​សង្គ្រោះ​ខ្ញុំ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់?»

ទេព​ធី​តា​តប​វិញ​ថា៖

–       «បង​ឃើញ​ប្អូន​ជា​មនុស្ស​ល្អ​ ហើយ​ត្រូវ​មាន​កាតព្វ​កិច្ច​ជា​ច្រើន​ទៀត​ដែលត្រូវ​ធ្វើ!»

ហើយ​ទេព​ធី​តា​បាន​បន្ត​ទៀត​ថា៖

–       «ប្អូន​នៅ​មាន​គ្រួសារ​ដែល​ពឹង​ពាក់​លើ​ប្អូន​ ហើយ​ប្អូន​ក៏​ជា​ក្មេង​ជំនាន់​ក្រោយ​សម្រាប់​ប្រទេស​ជាតិ​ទៀត​ផង។»

ក្រោយមក​​ក្មេង​ស្រី​និយាយ​ទៅកាន់​ពេព​ធី​តា​ថា៖

–       «ខ្ញុំ​សូម​អរគុណ​បង​ស្រី​ណាស់ ដែល​បាន​ជួយគិត​គូរ​ដល់​ខ្ញុំ។ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​ ដើម្បី​សង​គុណ​បាន​?»

ទេព​ធី​តា​ឆ្លើយ​ថា៖

–       «ប្អូន​មិន​ចាំ​បាច់​ធ្វើ​អ្វីទេ! បង​គ្រាន់​តែ​ចង់​​ឲ្យ​ប្អូន​ខិត​ខំ​រៀន​សូត្រ និង​ធ្វើ​ជា​មនុស្ស​ល្អ នោះ​បង​ពេញ​ចិត្ត​ពេក​ហើយ!»

មួយ​សន្ទុះ​ស្រាប់​តែ​ផ្លែ​ប៉ោមព្រៃ​មួយ​ធ្លាក់​ចំ​កណ្តាល​ក្បាល​របស់​នាង។ ទើប​នាង​ដឹង​ថា «នេះ​គឺ​ជា​សុបិន»។ តាម​ពិត​នាង​ដេក​ធ្លាក់​ពីលើ​គ្រែ​ ព្រម​ទាំង​អុក​ក្បាល​នឹង​ចែង​គ្រែ​រហូតល​ដល់​ពក​ក្បាល​របស់​នាង​ទៀត​ផង៕