សមាគមសិក្សា (ក្លឹបសិក្សា)
វិជ្ជាជាស្ពានដ៏សំខាន់ សំរាប់ចំលងមនុស្សឲ្យរួចផុតពីគ្រោះអវិជ្ជា។ មនុស្សមានវិជ្ជាមាន ការពិចារណា មានជីវភាពប្រសើរជាងមុន និង មានភាពឧត្ដុង្គឧត្តម។ ដូចនេះ យើង ត្រូវស្វែងរកវជ្ជា។ វិជ្ជាជាទ្រព្យជាប់នឹងប្រាណ ចោរលួចក៏មិនបាន ចាយច្រើនចំរើន ឡើង។
បើដូចនេះតើយើងធ្វើដូចម្ដេចដើម្បីឲ្យបានវិជ្ជា?
មានមធ្យោបាយជាច្រើនក្នុងការក្រេបយកចំនេះវិជ្ជា ដូចជាតាមរយៈការធ្វើត្រាប់តាម ការ បង្ហាត់បង្រៀន ការស្រាវជ្រាវ និងតាមរយៈការផ្លាស់ប្ដូរយោបល់គ្នា ទៅវិញទៅមកដែល យើងអាចហៅបានថា សមាគមសិក្សា(ក្លឹបសិក្សា)។
តើសមាគមសិក្សា (ក្លឹបសិក្សា)ជាអ្វី?និងមានអត្ថប្រយោជន៍ដូចម្ដេចខ្លះ?សមាគមសិក្សា (ក្លឹបសិក្សា) គឺជាការសិក្សាជាក្រុមដើម្បីផ្ដល់ឲ្យ និងទទួលយកចំណេះដឹងពីគ្នាទៅវិញ ទៅមក ដោយឆ្លងកាត់ការផ្លាស់ប្ដូរយោបល់គ្នា។ ជាក់ស្ដែងកាលពីថ្ងៃអង្គារ៍ទី ០១ ខែ មេសា ឆ្នាំ២០០៨នេះលោកគ្រូយី ឆេងអ៊ួ ហៅប៉េង ដែលលោកជា បណ្ណារក្ស ប្រចាំនៅ បណ្ណាល័យផ្នែកសាលាវិជ្ជាជីវៈ នៃអង្គការដើម្បីភាពញញឹមនៃកុមារ(PSE)យើងនេះបាន រៀបរាប់ប្រាប់ព្រឹត្តបត្រយើងពីមូលហេតុ ព្រមទាំងសារៈសំខាន់នៃ ការបង្កើតក្លឹបសិក្សា នេះឡើងថា៖ ខ្ញុំខិតខំផ្តួចផ្តើមបង្កើតឲ្យមានកម្មវិធីសមាគមសិក្សា (ក្លឹបសិក្សា)នេះឡើង ក្នុងគោលបំណងសំខាន់សម្រាប់ឲ្យសិស្សានុសិស្សនៃអង្គការដើម្បីភាញញញឹមនៃកុមារ (PSE)បានធ្វើការ សិក្សាបំប៉នបន្ថែមនៅចន្លោះម៉ោង ១២ថ្ងៃត្រង់ដល់ម៉ោង ២រសៀលជាមួយនឹងមិត្តភក្តិនិងគ្រូស្ម័គ្រចិត្តមួយចំនួនទៀត។ ព្រោះលោកគ្រូយល់ឃើញថា បន្ទាប់ពីហូបបាយថ្ងៃត្រង់នៅក្នុងសាលារួច សិស្សខ្លះពុំចង់សម្រាក ឬគេងនាពេលថ្ងៃត្រង់ទេ ។ម៉្យាងសិស្សមួយចំនួនមានការបារម្មណ៍ខ្លាំងទៅលើសមត្ថភាពរៀនភាសា មុខវិជ្ជានានា និងជំនាញដែលខ្លួនកំពុង សិក្សាថាវានឹងមិនអាចគ្រប់គ្រាន់ក្នុងការប្រឡូកក្នុងការងារទីផ្សារដែលពោរពេញដោយភាពប្រកួតប្រជែងខ្ពស់នាពេល បច្ចុប្បន្ននេះ។ ពីមួយថ្ងៃទៅមួយថ្ងៃមានសិស្សានុសិស្សជាច្រើនបានមកសួរមេរៀនពីលោកគ្រូនិងបានសំណូមពរលោក គ្រូឲ្យបង្កើត សមាគមនេះឡើងដើម្បីជួយបំពេញវិជ្ជាបន្ថែមដល់ពួកគាត់។ លោកគ្រូយល់ឃើញថា ការរៀនបន្ថែមទៀតជាមួយមិត្តភក្តិដែលមានអាយុស្របាលគ្នា គឺ អាចជួយដល់សិស្សដែលរៀនខ្សោយបាន ។អ្នករៀនខ្សោយទាំងអស់នឹងមានឱកាសគ្រប់គ្រាន់ក្នុងការដេញដោលនិងបកស្រាយមេរៀនពីគ្នាទៅវិញទៅមកដោយ គ្មានការភ័យខ្លាច ដូចជារៀន ជាមួយនឹងលោកគ្រូអ្នកគ្រូនៅក្នុងថ្នាក់ឡើយ។ ឯពេលវេលាទៀតសោតក៏បានវែងជាងពេលវេលានៅជាមួយលោកគ្រូ អ្នកគ្រូនៅក្នុងថ្នាក់ដែរ។ ជាបទពិសោធន៍ផ្ទាល់ លោកគ្រូធ្លាប់បានទទួលចំណាត់ថ្នាក់ជាប់ជាសិស្សពូកែប្រចាំសាលា ទាំងនៅ បឋមសិក្សា មធ្យមសិក្សា និងទាំងនៅថ្នាក់ឧត្តមសិក្សា ក៏ព្រោះតែលោកគ្រូបានចូលរួម ផ្តួចផ្តើមគំនិត និងចូលរួមដឹកនាំសមាគមសិក្សាក្នុងជំនាន់របស់លោកគ្រូ។ សមាគមសិក្សាដែលលោកគ្រូបានទទួលជោគជ័យជាងគេគឺ សមាគមសិក្សា នៅអនុវិទ្យាល័យពងទឹក រាជធានីភ្នំពេញ ក្នុងសម័យ រដ្ឋកម្ពុជា ក្នុងចន្លោះឆ្នាំ ១៩៩១ ដល់ ឆ្នាំ ១៩៩៤ ដែលមុននោះ សាលានេះស្ថិតនៅក្របខណ្ឌខេត្តកណ្តាលនៅឡើយ។ កាលណោះលោកត្រូវបានមិត្តភក្តិជ្រើសរើស ជាប្រធានសមាគម និងក្លាយជាគ្រូបង្គោល គ្រប់មុខវិជ្ជាក្នុងសមាគមរយៈពេល ៤ឆ្នាំ ជាប់ៗគ្នា។ សមាជិកដែលជាកូនអ្នកក្រ មធ្យម និងជាអ្នកធូរធា បានចូលរួមមានរហូតដល់ទៅជិតមួយពាន់នាក់ឯណោះ។ កាលណោះក៏មានការគាំទ្រផងដែរពីអាណាព្យាបាល លោកគ្រូអ្នកគ្រូ នាយក សាលានិងអាជ្ញាធរដែនដីថ្នាក់មូលដ្ឋានគ្រប់ស្រទាប់។ សម្រាប់ជា លទ្ធនៃការចូលរួមក្នុងសមាគមនេះ សិស្សភាគច្រើនដែលធ្លាប់មានប្រវត្តិជាសិស្សខ្សោយនៅក្នុងថ្នាក់ បានក្លាយជាសិស្សល្អនិងពូកែ ជាកូនល្អនិងមិត្តល្អគ្រប់ៗគ្នា។ បទពិសោធន៍ល្អទាំងនោះហើយដែលធ្វើឲ្យលោកគ្រូមានគំនិត ឆន្ទៈ និងសេចក្តីក្លាហាននឹងបង្កើតជាសមាគមសិក្សា(ក្លឹបសិក្សា)នាពេលនេះឡើង។ លោកគ្រូពន្យល់បន្តទៀតថា សមាគមសិក្សា (ក្លឹបសិក្សា) ជាការសិក្សាជាក្រុម ដែលសិស្សានុសិស្សបានប្រមូលផ្ដុំគ្នាជាក្រុមមួយនិងធ្វើការពីភាក្សាគ្នាដើម្បីផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកជុំវិញបញ្ហាផ្សេងៗដែលទាក់ទងនឹងការសិក្សារបស់ពួកគេ។ពួកគេប្រជុំគ្នាជាក្រុម ដើម្បីពិភាក្សា រៀន និងបង្រៀនពីគ្នាទៅវិញទៅមកលុះត្រាតែបានយល់ពីមេរៀន និងកិច្ចការសិក្សាស្រាវជ្រាវនានាបានគ្រប់ៗគ្នា។ អ្នកបង្រៀនទៅតាមមុខវិជ្ជានីមួយៗ ភាគច្រើនគឺសុទ្ធសឹងជាសិស្សដោយអ្នកខ្លះធ្លាប់មានបទពិសោធន៍តិចតួច ឯខ្លះទៀតក៏ពុំធ្លាប់មានបទពិសោធន៍អ្វីដែរ ប៉ុន្តែការដែលសំខាន់នោះ គឺពួកគេមានចិត្តចង់ជួយដល់មិត្តភក្ដិនឹងចង់បង្កើនចំនេះដឹងឲ្យបានច្រើនតាមរយៈការផ្លាស់ប្ដូយោបល់និងបទពីសោធន៍រវាងគ្នានិងគ្នា។ ការសិក្សាបែបនេះវាបានផ្ដល់នូវគុណប្រយោជន៍ជាច្រើនដល់សិស្ស ដូចជាផ្ដល់នូវចំណេះដឹងបន្ថែមដល់សិស្សក្រៅអំពីក្នុងថ្នាក់រៀន ឲ្យសិស្សចេះពិភាក្សាទៅលើមេរៀនដែលគេបានរៀនរួចមកហើយ ឲ្យសិស្សចេះដឹកនាំ និងផ្លាស់ប្ដូរយោបល់គ្នាពីបញ្ហាចោទផ្សេងៗក្នុងការសិក្សា ពោលគឺចេះធ្វើការជាក្រុម។ ម្យ៉ាងទៀតវាក៏ជាការផ្ដល់ឱកាសឲ្យសិស្ស សាកល្បងទទួលយកបទពិសោធន័ល្អៗ ក្នុងពេលដែលពួកគេកំពូងសិក្សា។ បន្ថែមពីលើនេះទៅទៀតវាក៏ជួយឲ្យសិស្សមានស្មារតីចេះតស៊ូ អំនត់អត់ធន់ក្នុងការងារ មានទំនុកចិត្តលើខ្លួនឯងបានកាន់តែច្រើនជាងមុន ពង្រឹងសមត្ថភាពរៀនសូត្រ បង្កើននូវភាពក្លាហាន ភាពឈ្លាសវៃ ភាពរហ័សរហួន គំនិតច្នៃប្រឌិត ការទទូលបាននូវបទពីសោធន៍ថ្មីៗ ការបង្កើននូវស្មារតីសាមគ្គីភាព ការចេះជួយអ្នកទន់ខ្សោយ ការចេះអភិវឌ្ឍន៍ខ្លួនឯង ការចេះកំនត់ទិសដៅនៃជីវិត ការចេះកាត់បន្ថយភាពតានតឹង ការចេះបញ្ជៀសការប្រើប្រាស់គ្រឿងញៀននិងអំពើអបាយមុខផ្សេងៗ ពិសេសផ្ដល់ឲ្យគេនូវបទពិសោធន៍ការងារថ្មី បន្ថែមសម្រាប់ជីវិត។ ជាងនេះទៅទៀតពួកគេក៏អាចស្គាល់មិត្តភ័ក្ដថ្មីៗបានកាន់តែច្រើន ព្រមទាំងបង្កើតអនុស្សាវរីយ៍ល្អៗរវាងគ្នានិងគ្នាជាច្រើនទៀត។ សិស្សានុសិស្សអាចបង្កើតអាជីពថ្មីៗផ្ទាល់ខ្លួនបន្ថែម អាចយល់ដឹងពីតំរូវការជាក់ស្ដែងរបស់សង្គមជាតិ អាចបង្កើនសមត្ថភាពទំនាក់ទំនងឲ្យបានកាន់តែប្រសើរឡើងនៅក្នុងសង្គមទាំងបីគឺ សង្គមសិក្សា សង្គមការងារ និងសង្គមជាតិ-អន្តរជាតិ។ លោកគ្រូប៉េងបានបញ្ជាក់ប្រាប់ឲ្យយើងដែលជាអ្នកយកពត៌មានបានដឹងបន្ថែមទៀតថា រហូតមកទល់ពេលនេះ កម្មវិធីរបស់សមាគមសិក្សា ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សជាច្រើនក្នុងអង្គការដើម្បីភាពញញឹមនៃកុមារ ។ សមាគមសិក្សា (ក្លឹបសិក្សា) ត្រូវបានចាប់ផ្ដើមឡើង ដំបូងនៅថ្ងៃទី១៥ខែធ្នូឆ្នាំ២០០៧ និងទើបបានចាប់ផ្ដើមដំណើរការ ជាផ្លូវការដើមខែកុម្ភៈ ឆ្នាំ ២០០៨ នេះឯង ។ឥឡូវមុខវិជ្ជាដែលបានកំពុងសិក្សាមានច្រើនមុខវិជ្ចារួមមាន៖ ភាសាខ្មែរ អង់គ្លេស បារាំង ជប៉ុន ចិន ថៃ កូរ៉េ វៀតណាម អេស្បាញ ចិត្តសាស្ត្រ សង្គមវិជ្ជា កុំព្យូទ័រសម្រាប់ការរិយាល័យ សិប្បកម្ម គំនូរ ការបកប្រែអត្ថបទភាសាអង់គ្លេស-បារាំង-វៀតណាម-ថៃមកជាភាសាខ្មែរ រដ្ឋបាល គ្រប់គ្រងទូទៅ ទីផ្សារ គណនេយ្យ គរុកោសល្យ ស្រាវជ្រាវ ប្រឹក្សាយោបល់លើ (ការសិក្សា-ការងារ-បញ្ហាទូទៅ) ជំនាញអាន តែងនិពន្ធ ខ្សែភាពយន្ត តន្ត្រី(បុរាណនិងសម័យ)
ភាពជាអ្នកដឹកនាំ ជំនាញសិក្សា ជំនាញដាក់ពាក្យនិងស្វែងរកការងារធ្វើ ជំនាញវាយអត្ថបទជាភាសាខ្មែរ ជំនាញរចនា រូបភាព ជំនាញអភិវឌ្ឍគំនិត ជំនាញគ្រប់គ្រងអាជីវកម្មខ្នាតតូចដោយខ្លួនឯង ជំនាញសិក្សាទីផ្សារ ជំនាញលក់ដូរ ជំនាញគ្រប់គ្រប់គ្រងនិងបង្កើតគម្រោង ជំនាញជានាញលក់ដូរ ជំនាញបោះពុម្ព ជំនាញផ្សព្វផ្សាយពត៌មាន ជំនាញគ្រប់គ្រងបណ្ណាល័យ ជំនាញគ្រប់គ្រងការអប់រំ ជំនាញដោះស្រាយជំលោះ (ការងារ គ្រួសារ សង្គម) ។ កម្មវិធីសមាគម (ក្លឹបសិក្សា) នេះប្រព្រឹត្តទៅជារៀងរាល់ថ្ងៃច័ន្ទរហូតងដល់ថដ្ងៃសៅរ៍ទៅតាមកាលវិភាកនៃមុខវិជ្ជានីមួយៗ វេលាម៉ោង១២រហូតដល់ម៉ោង១៤ នៅក្នុងបណ្ណាល័យផ្នែកFPផ្ទាល់តែម្ដង។ លោកគ្រូក៏បានបង្ហាញទៀតថាដោយឡែក មានតែភាសាជប៉ុនមួយគត់មានដែលកម្មវីធីបំប៉នបន្ថែមផ្សេងៗទៀតនៅរៀងរាល់ព្រឹកថ្ងៃអាទិត្យវេលាម៉ោង៨រហូតដល់ម៉ោង១១ សិស្សអាចចុលរួបានគ្រប់ៗគ្នា។ លោកគ្រូមិនត្រឹមតែជាអ្នកគ្រប់គ្រងសមាគមសិក្សា (ក្លឹបសិក្សា)នេះទេគាត់ថែមទាំងបានបង្កើតសមាគមកីឡាយុទ្ធសិល្ប៍ដែលមាន៣ក្រុមផ្សេងគ្នាគឺ សាលាគុន ល្បុក្កតោខ្មែរ សាលាគុន អៃគីដូជប៉ុន និងសាលាគុនតេក្វាន់ដូកូរ៉េ ដែលកំពុងដំណើរការពីថ្ងៃល្ងាចថ្ងៃច័ន្ទដល់សុក្រនិងព្រឹកថ្ងៃអាទិត្យសម្រាប់ កីឡាល្បុក្កតោ និងរៀងរាល់រសៀលថ្ងៃសៅរ៍ សម្រាប់កីឡា អៃគីដូ ព្រមទាំងរៀងរាល់ព្រឹកថ្ងៃអាទិត្យ សម្រាប់កីឡា តេក្វាន់ដូកូរ៉េ។លោកគ្រូបានបន្ថែមទៀតថាក្លឹបសិក្សាយើងនិងរីករាយស្វាគមន៍ជានិច្ចពោះគ្រប់សិស្សានុសិស្សទាំងអស់ក្នុងមណ្ឌលដែលមានបំណងចង់ចូលរួមក្នុងក្លឹបសិក្សាយើងនេះ ព្រោះម្យ៉ាងក្លឹបសិក្សាយើងនេះ ពុំមានលក្ខខណ្ឌតឹងតែងក្នុងការជ្រើសរើសសមាជិកទេ តែប្អូនៗសិស្សានុសិស្សទាំងឡាយ គប្បីសុំការអនុញ្ញាតអំពីសំណាក់លោកនាយកដែលទទួលបន្ទុកផ្នែករបស់ប្អូនៗសិនដើម្បីឲ្យគាត់បានជ្រាបជាពត៌មាន។
នៅទីបញ្ចប់លោកគ្រូក៏សូមសំនូមពរក៏ដូចជាផ្ដាំផ្ញើទៅដល់សិស្សានុសិស្សទាំងអស់ត្រូវចេះបណ្ដុះគំនិតចង់ស្វែងយល់ឲ្យបានច្រើន ចេះសាមគ្គីនិងចែករំលែកព្រមទាំងជួយគ្នាបង្កើនធនធានមនុស្សពីជំនាន់មួយទៅជំនាន់មួយទៀត ឲ្យកាន់តែច្រើនឲ្យបានប្រកបទៅដោយសមត្ថភាព ខ្ពស់ដើម្បីជាការចូលរួមចំណែកក្នុងការជួយសង្គមជាតិយើងឲ្យស្ថិតនៅក្នុងសុខសន្តិភាពសេរីភាពឯករាជ្យពេញបរិបូរណ៍និងអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យកាន់តែមានការរីកចំរើនយ៉ាងឆាប់រហ័ស។
ដូចនេះសមាគមសិក្សា (ក្លឹបសិក្សា) ជាកម្មវិធីមួយដ៏ល្អដែលវាអាចដូលរួមចំនែកពង្រឹងនិងពង្រីកចំណេះដឹងឈានទៅរកអភិវឌ្ឍន៍ភាពមួយ៕
រៀបរៀងដោយ យុវសិស្ស ណាង វ៉ាន់ណេត
ចេញផ្សាយក្នុង ពន្លកព្រឹត្តបត្រ អង្គការដើម្បីភាពញញឹមនៃកុមារ ឆ្នាំ ២០០៨
លេខចេញផ្សាយ ឆ្នាំទី១ លេខទី២